ខេត្តកណ្ដាល៖ ប្រភពពី៖ រដ្ឋបាលខេត្តកណ្តាល បានអោយដឹងថា, នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្ដាល រួមជាមួយនិងអគ្គិសនីកម្ពុជា ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោកបណ្ឌិត ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេកទេស នៃអគ្គិសនីកម្ពុជា ដោយមានការចូលរួមពីអាជ្ញាធរស្រុកខ្សាច់កណ្ដាល មន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យទីតាំង និងបោះតម្រុយទីតាំងបង្គោលអគ្គីសនី ចំនួន ១៤ បង្គោល ស្ថិតនៅក្នុងដីចំណីប្រឡាយ ២០ ម៉ែត្រ និងដីរដ្ឋបឹងផ្ទា ដែលស្ថិតក្នុងភូមិសាស្ត្រឃុំវិហារសួគ៌ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរលោកបណ្ឌិត ប្រាំង ជលសា បានឲ្យដឹងថា អគ្គិសនីកម្ពុជាគ្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ (ខ្សែបញ្ជូនអគ្គិសនីពីអនុស្ថានីយអគ្គិសនីបែកចាន (កំបូល) ទៅអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ក្នុង ក្របខ័ណ្ឌកម្ចីឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយត្រូវឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល និង រាជធានីភ្នំពេញ ដែលនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ ហើយខ្សែបញ្ជូននេះមានប្រវែង សរុប ៤៣ គីឡូម៉ែត្រ ដែលត្រូវឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយឡែកក្នុងភូមិសាស្ត្រ ខេត្តកណ្តាល មានបង្គោលសរុបចំនួន ២៧ បង្គោល មានប្រវែង ១២ គីឡូម៉ែត្រ។
លោកបណ្ឌិត បន្តថា កន្លងមក ក្រុមការងារអគ្គិសនីកម្ពុជា បានសហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរមូលដ្ឋានចុះសិក្សា និងបោះតម្រុយទីតាំងបង្គោល។ បន្ទាប់ពី បានចុះបោះតម្រុយទីតាំងបង្គោល ក្រុមការងារពិនិត្យឃើញថា មានបង្គោលអគ្គិសនីមួយចំនួនរត់លើដីចំណីប្រឡាយ ២០ ម៉ែត្រ មួយចំនួនទៀតរត់កាត់ចំដីរដ្ឋបឹងផ្ទា និងមួយផ្នែកនៅលើដីប្រជាពលរដ្ឋ។ តាមការសិក្សាទីតាំងបង្គោល ដែលរត់កាត់ ក្នុងនោះ ទីតាំងបង្គោលដែលរត់កាត់ដីរដ្ឋបឹងផ្ទា មានចំនួន ០៤ បង្គោល និងទីតាំងបង្គោលដែលរត់លើ ដីចំណីប្រឡាយ ២០ ម៉ែត្រ និងជើងបង្គោលទាំងបួនស្ថិតនៅលើចំណីប្រឡាយ មានចំនួន ១០ បង្គោល ដែលស្ថិតនៅ ក្នុងភូមិសាស្ត្រឃុំវិហារសួគ៌ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មានប្រសាសន៍នាឱកាសនោះដែរ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអគ្គិសនីកម្ពុជា ដើម្បីសិក្សាស្វែងយល់ពិសេសសម្របសម្រួលក្នុងករណីមានផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋឬដីបឹង ដីអាងទឹកផ្សេងៗ ទន្ទឹមនឹងនោះមន្ទីរជំនាញនៅក្នុងខេត្ត ពិសេសមន្ទីរធនធានទឹក ត្រូវធ្វើការកំណត់ទីតាំងគម្រោងស្ដារបឹង ប្រឡាយឲ្យបានច្បាស់លាស់ ចៀសវាងការសាងសង់បង្គោលរួចហើយ បង្កផលប៉ះពាល់ទៅដល់ការស្ដារបឹងឬប្រឡាយនាពេលអនាគតផងដែរ។
បន្ទាប់ពីពិនិត្យទីតាំង និងបោះតម្រុយរួចមក ក្រុមការងារដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោកបណ្ឌិត ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេកទេស នៃអគ្គិសនីកម្ពុជា អញ្ជើញចុះពិនិត្យការសាងសង់ អនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ដែលកំពុងដំណើរការសាងសង់នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាលផងដែរ៕
ដោយ, សិលា