ភ្នំពេញ ៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបានជួយស្ត្រីរងគ្រោះ ដែលចាញ់បោកអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទ ពីប្រទេសចិន បានចំនួន២៣០នាក់។
តាមការបញ្ជាក់របស់លោក កុយ គួង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន១២នាក់ ដែលបានរងគ្រោះដោយការជួញដូរ ហើយពួកគេនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០២ ខែកញ្ញា ខាងមុខ តាមជើងយន្តហោះ K6669។
ដោយឡែកទាក់ទងករណីជួញដូរនេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បានចំនួន១៩៨ករណី ក្នុងនោះសង្គ្រោះជនរងគ្រោះបានចំនួន៧២១នាក់ និងឃាត់ខ្លួនជនសង្ស័យបាន២៩១នាក់ ហើយការបង្ក្រាបចំនួន១៩៨ករណីនេះ គឺកើនឡើង១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណីប៉ុណ្ណោះ៕