ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត លោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានការិយាល័យស្រុកប្រតិបត្តិកោះអណ្តែត លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក និងលោកមេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ រស់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នូវការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងការរីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យឱ្យកត់សម្គាល់។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏ដ៏កាចសាហាវនេះ ខណៈដែល នាបច្ចុប្បន្ន វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឲ្យព្រួយបារម្ភ ផងដែរ។
លោក អ៊ូច ភា អភិបាលខេត្ត ក៏បានបន្ថែមទៀតថា ថ្មីៗនេះជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) កំពុងតែមានវត្តមាន នៅក្នុងប្រទេសរបស់យើងហើយបងប្អូនទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយយកចិត្តទុកដាក់ ថែទាំសុខភាពរបស់ខ្លួន តាមរយៈអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវបន្តពាក់ម៉ាស់ លាងដៃនិងអាកុលអោយបានញឹកញាប់ រក្សាគម្លាត ជាពិសេសអនុវត្តវិធាន ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ព្រោះបើយើងមិនការពារទេ ជំងឺកូវីដ១៩នឹងបន្តឆ្លងរីករាល ដាលតទៅទៀតជាក់ជាពុំខាន៕
ដោយ, សិលា