នគរបាល​ខេត្ត​បាត់ដំបង​ បញ្ជូនខ្លួន​មុខសញ្ញាចោរលួច ២នាក់ទៅតុលាការ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​តាមការបញ្ជាក់ពី​លោក​ ទឹម​ វិច្ឆ័យ​ អធិការ​នគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៨​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ ជនសង្ស័យ​២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញស្រុក​ នៃស្នងការដ្ឋានខេត្តបាត់ដំបង់​ បានឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ)​ ហេីយ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​។

ប្រភពដដែល​ បន្តថា​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក កាលពីវេលាម៉ោង ០៣ និង២០នាទីរសៀលថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០២១ថ្មីៗ​នេះ បានបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ) ចំនួន០១ករណី កើតឡើងនៅចំណុចបុរីសុភមង្គលជាយដែនថ្មី នៅវេលាម៉ោងប្រហែល ០១ រំលងអាធ្រាតថ្ងៃទី២៦ ខែសីហា ក្រុមទី ០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ០២ នាក់។

ជាក់ស្ដែង​ជនសង្ស័យ​ទី១. ឈ្មោះ វី មករា ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង និងទី២.ឈ្មោះ កិល កុយ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួចម៉ូតូចំនួន ០១ គ្រឿង ម៉ាក DETECH ពណ៌ខ្មៅ លេខតួ RPEXCE9PEGA013442 គ្មានស្លាកលេខ ដែលជារបស់ជនរងគ្រោះឈ្មោះ ចាន់ សិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអណ្ដូងពីរ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា​ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២នាក់ មានឈ្មោះខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងម៉ូតូចំនួន ០១ គ្រឿង ដែលដកហូតបានត្រូវបានប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ ។

ជាមួយគ្នានេះ​ អធិការ​នគរបាលស្រុកសំពៅលូន​ ក៏សូមអំពាវនាវដល់បងប្អូន​ ​រួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣ កុំ ៣ ការពារ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print