ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូនស្រីនៅលើយន្តហោះដែលត្រូវជម្លៀសទៅកាន់ប្រទេសអង់គ្លេស។ ក្រុមអាកាសយានិកបានជួយដល់ស្ត្រីខាងលើទទួលសម្រាលកូនដោយជោគជ័យ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូនស្រីពេលកំពុងហោះហើរនៅលើអាកាស កាលពីថ្ងៃទី២៨ ខែសីហា តាមជើងយន្តហោះរបស់ក្រុមហ៊ុនTurkish Airlinesទៅកាន់ប្រទេសអង់គ្លេស។ សូមបញ្ជាក់ថា នាង Soman Noori អាយុ២៦ឆ្នាំ បានឈឺពោះកើតកូន ពេលកំពុងជិះនៅលើយន្តហោះដែលហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងប៊ឺកមិនហាម ប្រទេសអង់គ្លេស។ ដោយមានការជួយធ្វើអន្តរាគមន៍ពីក្រុមអាកាសយានិក ស្ត្រីជាម្តាយបានបង្កើតកូនដោយជោគជ័យនៅលើអាកាសកម្ពស់ដល់ទៅ១០.០០០ម៉ែត្រ ពេលហោះហើរចូលដល់ដែនអាកាសប្រទេសគុយវ៉ែត។ នាង Noori និងកូនស្រីរបស់នាងដែលបានដាក់ឈ្មោះថា Havva មានសុខភាពល្អទាំងម្តាយនិងកូន។ តំណាងក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានឱ្យដឹងថា យន្តហោះដឹកពលរដ្ឋអាហ្វហ្គានីស្ថានធ្លាប់ធ្វើការឲ្យស្ថានទូតអង់គ្លេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសម្រេចចុះចតនៅក្នុងប្រទេសគុយវ៉ែតដើម្បីធានាដល់សុវត្ថិភាពទាំងម្តាយនិងកូនមុនពេលបន្តដំណើរទៅកាន់ប្រទេសអង់គ្លេស ។ នេះជាករណីទីពីរហើយដែលមានស្ត្រីជនជាតិអាហ្វហ្គានីស្ថានសម្រាលកូននៅលើយន្តហោះពេលជម្លៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ។ ប៉ុន្តែករណីនេះមិនពិសេសជាងករណីស្ត្រីអាហ្វហ្គានីស្ថានដែលសម្រាលកូនពេលធ្វើដំណើរតាមជើងយន្តហោះយោធាទៅកាន់ទឹកដីអាមេរិកនោះទេ ។ ករណីមានស្ត្រីសម្រាលកូនលើយន្តហោះដឹកជញ្ជូនយោធាគឺមិនដែលមានឡើយ ដោយសារតែយន្តហោះនោះភាគច្រើនដឹកតែទាហានបុរស មិនមានស្ត្រីមានផ្ទៃពោះធ្វើដំណើរឡើយ ទើបអាមេរិកចាត់ទុកថាជាករណីពិសេស ហើយទារិកាដែលកើតនៅលើយន្តហោះនោះត្រូវបានដាក់ឈ្មោះតាមជើងហោះហើរនោះតែម្តង៕ដោយ៖ធីរីណា
រូបថត៖Reuters.