អ្នកបើកបរឡានធំៗខ្លះព្រហើនៗណាស់ ! ឡានបែនដឹកដី បើកឌឺដងជាមួយកុងទីន័រចុងក្រោយរេចង្កូតធ្លាក់ចូលប្រឡាយដេកត្រាំទឹកស្អុយពេញមួយយប់ !

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបរឡានធំខ្លះ ហាក់មានចរិកព្រហើន មិនយកខួរក្បាលគិតគោរពច្បាប់ចរាចរណ៍ទេ មានតែបើកបរជ្រែគ្នា ក្នុងល្បឿនលឿន សុីផ្លេខ្លាំងៗ និងបំពងសម្លេង ឈានដល់បង្កគ្រោះចរាចរណ៍ជាញឹកញាប់។ ជាក់ស្តែងមានឡានបែនដឹកដីមួយគ្រឿង បើកឌឺដងជាមួយកុងទីន័រ ចរិកធ្វេសប្រហែស ក៏រេចង្កូតធ្លាក់ចូលប្រឡាយ ដេកត្រាំទឹកស្អុយពេញមួយយប់ ម្ចាស់មិនទាន់មានចំណាត់ការ យ៉ាងណាទេ ដើម្បីស្ទួចឡានចេញភក់ជ្រាំ។ សូមបញ្ជាក់ថា, ហេតុការណ៍ខាងលើនរះ បានកើតឡើងតាំងពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មកម្ល៉េះ នៅតាមផ្លូវជាតិលេខ៤ ខាងកើតជាប់នឹងផ្លូវរថភ្លើង ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើអោយអ្នកធ្វើដំណើរឃើញហួសចិត្តចំពោះជនបើកបរប្រភេទនេះ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកនីសាន់ បែនកង់៦ ដឹកដី ចង្កូតស្តាំ ពណ៌ស្វាយ ពុំមានពាក់ស្លាកលេខ សំណាងល្អអ្នកបើកបរមិនមានរងរបួស ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ តៃកុងចាកចេញទៅដេកនៅផ្ទះបាត់ សុខចិត្តទុកឡានឲ្យដេកត្រាំទឹកស្អុយ ។ ដោយឡែកសមត្ថកិច្ចក៏មិនទាន់បង្ហាញពីចំណាត់ការបែបណាទេ។

បើតាមកម្មករយាមផ្លូវដែក ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីលិចទៅកើត មកដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេង ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ម្ចាស់អ្នកបើកបរលូនចេញមកក្រៅ សំណាងល្អមិនមានរងរបួស រួចទុកឡានចោលដើរទៅបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ឃើញថាមិនប៉ះពាល់ដល់អ្នកដទៃ អនុញ្ញាតិឲ្យម្ចាស់រករថយន្តស្ទូចទៅលើកចេញដែរ តែដោយសារអ្នកបើកបរងងុយដេកពេក បានដើរចាកចេញទៅបាត់ ទុកតែរថយន្តឲ្យដេកត្រាំទឹកស្អុយពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះទៅហើយ នៅតែមិនទាន់ឃើញម្ចាស់មានចំណាត់ការលើករថយន្តចេញពីប្រឡាយ។
សូមបញ្ជាក់ផងដែរថា, ប្រភេទឡានដឹកដី មួយចំនួនអ្នកបើកបរគ្មានសីលធម៌ បើកក្នុងល្បឿនលឿន ប្រជែងគ្នា ឬក៏ស៊ីផ្លេខ្លាំងៗ បង្កគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែគ្មានលោះថ្ងៃ។
ករណីបែបនេះ ទាំងសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍មូលដ្ឋាន ក៏ដូចជានគរបាលចរាចរណ៍ផ្លូវគោក ត្រូវមានវិធានការរឹតបន្តឹង ដើម្បីឱ្យពួកគេចូលរួមគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែមានមន្ត្រីខ្លះបានលួចបង្ហើបថា, ក្រុមឡានដឹកដី ដឹកថ្ម ដឹកគ្រួស និងដឹកទំនិញ ប្រភេទឡានធំមួយចំនួន សុទ្ធតែមានខ្សែ ឬមានករណីសង្ស័យបង់លុយផងដែរ ទើបពួកគេព្រហើនៗណាស់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print