ស្ត្រីខ្មែរម្នាក់អាយុ ២៦ឆ្នាំ ដែលត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ !

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមផេកអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ Bros Bee បានសរសេរសារផ្ញើចូលក្នុងគេហទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានខ្លឹមសារថា ” ថ្ងៃនេះក្មួយមានទុក្ខជាទម្ងន់ បងស្រីក្មួយគេយកទៅធ្វើការនៅប្រទេសចិន សូមសម្ដេចជួយផង ឥឡូវបងស្រីរបស់ខ្ញុំគាត់រត់ចូលប៉ុស្តិ៍ប៉ូលីសហើយ ខ្ញុំរស់នៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បងស្រីរបស់ខ្ញុំឈ្មោះ អ៉ិត ឈូក ត្រូវបានគេយកទៅធ្វើការនៅប្រទេសចិន ប៉ុន្តែឥឡូវត្រូវបានគេយកទៅលក់វិញ សូមសម្ដេចមេត្តាជួយបងស្រីខ្ញុំផង ឥឡូវថ្ងៃទី១០ ខែសីហា នេះ បងស្រីរបស់ខ្ញុំត្រូវបានរត់ចូលប៉ុស្តិ៍ប៉ូលិសហើយ សូមសម្ដេចក្រឡាហោម ស ខេង ជួយបងស្រីខ្ញុំផង ពួកខ្ញុំជាកូនកំព្រាអត់មានម្ដាយឪពុកទេគាត់បានស្លាប់អស់ហើយ សូមសម្ដេចជួយកូនផង ឥឡូវខ្ញុំបារម្ភ ខ្ញុំអត់ដឹងធ្វើម៉េចទេ បងស្រីរបស់ខ្ញុំត្រូវគេដកយកឥវ៉ាន់អស់ហើយ ខ្ញុំទាក់ទងបងស្រីអត់បានទេ សូមសម្ដេចជួយផង! ” ។

សារនេះ ត្រូវបានក្រុមការងាររបស់សម្ដេចក្រឡាហោម ស ខេង ដកស្រង់ធ្វើចំណាត់ការដាក់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ដោះស្រាយ។ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការបញ្ជូនករណីនេះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ច។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញនាយកដ្ឋានបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអង្គហេតុ និងរកឃើញទីតាំង(Location) គឺស្ថិតនៅចំណុច 9VWJ+XR ស្រុកសុងស៊ីខោនទី ក្រុងណាភីង ខេត្តហ្វូជៀន ប្រទេសចិន ដែលជនរងគ្រោះស្នាក់នៅ និងបានផ្ញើទីតាំងនេះទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន សហការជាមួយអាជ្ញាធរចិន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ។

ជាលទ្ធផល ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះជនរងគ្រោះឈ្មោះ អ៉ិត ឈូក ភេទស្រី កើតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩១ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងរំដេង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ស្ថានអគ្គកុងស៊ុលបានស្នើសុំចេញលិខិតធ្វើដំណើរបណ្តោះអាសន្នពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះបានត្រឡប់មកកម្ពុជាវិញ។

លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ជាទិសដៅ នាយកដ្ឋាននឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្របសម្រួលឱ្យជនរងគ្រោះត្រឡប់មកកម្ពុជាវិញ ហើយនៅពេលមកដល់កម្ពុជាត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក ហើយបន្ទាប់ពីអនុវត្តវិធានរួច ជំនាញនាយកដ្ឋាននឹងបន្តសម្ភាសន៍ជនរងគ្រោះដើម្បីស្វែងរកព័ត៌មានបន្ថែមទៀត និងមានចំណាត់ការបន្ត។

ក្នុងនាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែសហការឆ្លើយតបគ្រប់សំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print