ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ជាក់ស្ដែងនៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា លទ្ធផលនេះបង្ហាញឱ្យឃើញថា មេរោគដែលតា បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់កម្ពុជា។ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។
យោងទៅលើស្ថានភាពនៃការរីករាលដ៏គួរឱ្យបារម្ភនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។
សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩៕ដោយ៖សហការី
នៅខាងក្រោមនេះ មានលិខិតរបស់ក្រសួងសុខាភិបាល៖