ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឯកជនមនឈ្មោះ តា លី បានមកទិញដីនៅតំបន់នេះ ដើម្បីធ្វើឃ្លាំងផ្ទុកស៊ីម៉ង់ត៍ និងទំនិញផ្សេងៗ ប៉ុន្តែគាត់បានប្រើគ្រឿងចក្រ ជីកកាយយកដីប្រឡាយរបស់ពួកគាត់ ដែលមានតាំងពីដូនតាមក ដូច្នេះពួកគាត់ក៏នាំគ្នាតវ៉ាតាំងពីម្សិលមិញ តែគ្មានដំណោះស្រាយ ទើបនាំគ្នាបិទផ្លូវតែម្តង។ ប្រជាពលរដ្ឋជាង ៣០០នាក់ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ បាននាំគ្នាបិទផ្លូវជាតិលេខ៧ ពីព្រោះពួកគាត់តវ៉ារឿង ឈ្មួញកាយ និងទន្ទ្រានយកដីប្រឡាយជាង ៧គីឡូម៉ែត្រ ដែលមានតាំងពីយូរមកហើយនោះ។ យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បាននឹងកំពុងបន្តដោះស្រាយករណីនេះ និងរក្សាសណ្តាប់ធ្នាប់នៅទីនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋបើកចរាចរណ៍ឡើងវិញ។ ក្រោយមានការតវ៉ានេះ គេសង្កេតឃើញអភិបាលស្រុក បានមកជួយដោះស្រាយ ដោយប្រាប់ប្រជាពលរដ្ឋថា ខាងឈ្មួញ នឹងធ្វើផ្លូវថ្មីជំនួស តែប្រជាពលរដ្ឋមិនយល់ព្រម ហើយថែមទាំងចោទប្រកាន់ អភិបាលស្រុកថា ការពារផលប្រយោជន៍ឈ្មួញទៀតផង៕ ហេង សូរិយា
នៅស្រុកត្បូងឃ្មុំពលរដ្ឋជាង៣០០នាក់ នាំគ្នាបិទផ្លូវជាតិលេខ៧ ក្រោយឈ្មួញរំលោភយកដីប្រឡាយ
...