ខេត្តកែប, នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ នេះ លោកបណ្ឌិតសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដអមដំណើរជាមួយដោលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ចេីញចុះពិនិត្យស្វែងយល់ពីស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប នៅមន្ទីរពេទ្យខេត្តកែប។
ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកែប និងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃគ្រប់វត្តអារាម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ ១៨ឆ្នាំ ដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសេីរ និងភាគរយខ្ពស់ផងដែរ។ បន្ថែមពីនោះ លោក រដ្ឋមន្ត្រី ក៏បានណែនាំដល់ មន្ត្រីរាជ និងក្រុមគ្រូពេទ្យ ដែលទទួលបន្ទុកព្យាបាលអ្នកជំងឺកូវីដ-១៩ និងជំងឺទូទៅផ្សេងៗ សូមបន្តយកចិត្តទុកដាក់ និងបន្តអនុវត្តវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបអាចជៀសវាងការឆ្លងជំងឺកូវីដ-១៩ និងត្រូវពង្រឹងតួនាទីភារកិច្ច ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវ: ដេីម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងជឿជាក់លើ ប្រព័ន្ធសុខាភិបាលរបស់យើង។ ក្រៅពីនេះក៏ត្រូវព្យាយាមអប់រំ ទូន្មានដល់គ្រប់អ្នកជំងឺទូទៅ អោយរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំ អនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីរួមគ្នាទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
ដោយ, សិលា