លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី ” ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរស័ព្ទដៃ Angkor SALAD App “

ចែករំលែក៖

ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី ” ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ Angkor SALAD App ” ដោយមានការចូលរួមពី លោក លោកស្រី មន្រ្តីជំនាញ នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ នាយកក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍។

ជាបឋម លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិសកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តួច ផ្តើមគំនិតសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដោយមានឆន្ទ:រួមគ្នាគឺធ្វើការផ្សព្វផ្សាយកម្មវិធីតាមរយ:ទូរស័ព្ទដៃអំពីទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកដល់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយក្នុងចំណាប់អារម្មណ៍របស់កញ្ញា ឈុំ ចន្ទរចនា ប្រធានទីផ្សារនៃអង្គការ ICCO ប្រចាំកម្ពុជា និងលោកស្រី LenneKe Braam នាយិកាប្រចាំតំបន់អាស៊ីនៃអង្គការ ICCO។ លោករដ្ឋមន្រ្តីក៏បានថ្លែងអរគុណជូនចំពោះការិយាល័យស្ថានីយអវកាសនៃប្រទេសហូឡង់ (Netherlands Space Office) ដែលបានផ្ដល់ជំនួយគាំទ្រដល់គម្រោងនេះតាមរយៈក្រសួងការបរទេសហូឡង់ ដើម្បីបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃនេះឡើង ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសកសិករដាំបន្លែ ដោយបានដាក់បញ្ចូលសេវាកម្មចំនួន ៥ រួមមាន៖ ១- សេវាកម្មប្រព័ន្ធស្រោចស្រព ២- សេវា កម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម ៣- សេវាកម្មគ្រប់គ្រងដំណាំបន្លែ ៤- សេវាកម្មពត៌មានទីផ្សារកសិកម្ម និង៥-សេវាកម្មវិភាគគុណ-ភាព/សុវត្ថិភាព ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។

លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តកម្មវិធីក្នុងទូរស័ព្ទដៃ Angkor SALAD App អំពីទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្ម និងទឹក ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ អន្តរជាតិ និងអន្តរស្ថាប័នផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះកម្មវិធីនេះបានជួយជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីឲ្យបានទូលំទូលាយសម្រាប់ការគ្រប់គ្រង ការដាំដុះដំណាំបន្លែ ក៏ដូចជាការធ្វើ អាជីវកម្មផ្គត់ផ្គង់ធាតុចូលកសិកម្មតាមបែបទំនើបកម្ម Digital Platform ក្នុងកាល:ទេស:ដែលយើងទាំងអស់គ្នាបាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

តាមរយៈប្រធានបទដែលនឹងត្រូវលើកយកបង្ហាញនៅពេលបន្តបន្ទាប់នេះ លោករដ្ឋមន្រ្តីសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថាអង្គសិក្ខាសាលាទាំងមូលនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត យកទៅប្រើប្រាស់ ច្នៃប្រឌិត និងកែសម្រួលផលិតកម្មកសិកម្មឲ្យបានសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ជាពិសេសទឹក និងដី ការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតឲ្យបានត្រឹមត្រូវតាមបច្ចេកទេស មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់ ដើម្បីចូលរួមធ្វើទំនើបកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សមស្របតាមបរិបទដែលពិភពលោក ក៏ដូចកម្ពុជាយើងកំពុងប្រឈម។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីនានចែករំលែកទស្សនៈមួយ ចំនួនដើម្បីជាមូលដ្ឋានគន្លឹះយកទៅអនុវត្តបន្ត មានដូចខាងក្រោម៖

ទី១. ត្រូវបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ ឯកជន និងអ្នកផលិត តាមរយៈការកសាង និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានាដែលទាក់ទងនឹងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។

ទី២. ស្នើក្រុមហ៊ុនអង្គរហ្គ្រីន និងអង្គការ ICCO-Cooperation បន្តកិច្ចសហការជាមួយអង្គភាពជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញលើការប្រើប្រាស់ Angkor SALAD App ជូនដល់អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ធ្វើការតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធី។

ទី៣. បន្តជំរុញលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្មក្នុងការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព។ ការប្រើប្រាស់ជី-ថ្នាំកសិកម្មត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឹងម៉ាត់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស សត្វមានប្រយោជន៍ និងជៀសវាងឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកសិផល។

ទី៤. ត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គុណភាពសុវត្ថិភាពផលិតផលកសិកម្ម ដែលផលិតតាមស្តង់ដារ CamGAP&CamOrg ដើម្បីបង្កើនជំនឿទុកចិត្ត។ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP&CamOrg ឱ្យបានកាន់តែទូលំទូលាយ។

ទី៥. ស្នើដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងគាំទ្រការអនុវត្ត CamGAP&CamOrg ឱ្យបានទូលំទូលាយ ព្រមទាំងត្រូវបន្តជំរុញការដាំដុះបន្លែ និងផ្លែឈើ ដែលមានឧត្តមភាពប្រកួតប្រជែងឱ្យបានគ្រប់រដូវ គោរពតាមស្តង់ដារភូតគាមអនាម័យខ្ពស់ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌនៃប្រទេសនាំចូល លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់អ្នកបរិភោគលើគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ព្រមទាំងចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តីបានផ្ញើក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធថា ត្រូវខិតខំសហការគ្នាឲ្យកាន់ តែស៊ីជម្រៅ ទូលំទូលាយ និងទទួលបានផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គពាក់ព័ន្ធ ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការគន្លឹះមួយក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករជួបប្រទះ ក្រោមការជួយសម្របសម្រួលគាំទ្រពីអង្គភាពជំនាញ ក្នុងស្មារតីយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងអំឡុងនិងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩នេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print