ខេត្តបន្ទាយមានជ័យ, នៅតាមបន្ទាត់ព្រំដែនស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានគេរាយការណ៍មកថា, ជំនន់ទឹកភ្លៀងបង្កឲ្យមានការជន់លិច នៅទីតាំងមួយចំនួន និងជាលក្ខណៈការត្រៀមរបស់សមត្ថកិច្ចនិងអាជ្ញាធរដើម្បីមានវិធានការជួយអន្តរាគមន៍ប្រសិនបើមានករណីការជន់លិចនេះកើតឡើងដោយភាពធ្ងន់ធ្ងរ។ ដោយឡែកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ជំនន់ទឹកភ្លៀងបានជន់លិច ស្នាក់ការរបស់អង្គភាពនេះតែម្ដង ក្នុងនោះគេបានឃើញកងកម្លាំងព្យាយាមរុះរើទីតាំងក៏ដូចជាមកកាន់ទីទួលសុវត្ថិភាព។
កម្លាំងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានបំពេញការងារយ៉ាងសកម្មបំផុតតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលករ ក៏ដូចជាជនជាតិបរទេស ។ ប៉ុន្តែនៅព្រឹកនេះស្នាក់ការទាំងមូលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានថ្លែងថា, កងកម្លាំងត្រូវមានភាពទទួលខុសត្រូវក្នុងរឿងនេះដោយខ្លួនឯងប្រកបដោយ ឆន្ទៈមុះមុត ដើម្បីសុវត្ថិភាពអង្គភាពរបស់ខ្លួន។
សូមជម្រាបជូនថា, បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ស្ដីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់, នៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់ខ្លះ មានជំនន់ទឹកភ្លៀងកើតឡើង ! ៕
ដោយ, សិលា