CAMSOC បន្ដយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា កីឡាករ-កីឡាការិនី និងក្រុមសិល្បៈត្រៀមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីCAMSOC នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា, គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបន្ដបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ សរុបចំនួន ៦៧៣នាក់ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC ក្រោមការសម្របសម្រួលរបស់ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៃក្រសួងការពារជាតិ សហការផ្ទាល់ជាមួយនាយកដ្ឋានសុខាភិបាល បានរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រៀមបោះជុំរុំហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ ។

ចំពោះថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនី ដែលទទួលបានវ៉ាក់សាំងដូសទី៣ ថ្ងៃនេះ គឺមកពី ៣៧សហព័ន្ធកីឡាជាតិ សរុបប្រមាណ ៥៤៩នាក់ ។ រីឯក្រុមកាករងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន ៧២នាក់ រួមទាំងក្រុមការងារ និងបុគ្គលិកប្រចាំការ នៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ សរុបចំនួន ៦៧៣នាក់ ។ ប៉ុន្ដែបើសរុបចំនួនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងអ្នកពាក់ព័ន្ធ ដែលបានចាក់វ៉ាក់សាំងដូសទី៣ ក្រោមការរៀបចំរបស់ CAMSOC ចំនួន ២លើកកន្លងមក គឺមានចំនួន ១,៨៥៣នាក់ ។

មន្ដ្រី CAMSOC ដដែលបន្ដថា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់គ្រួសារកីឡា ពិសេសក្រុមជម្រើសជាតិនេះ ទំនងមិនទាន់បញ្ចប់នោះទេ ពិសេសម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលទើបចាក់ដូសទី២ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ ពួកគេនឹងត្រូវបន្ដចាក់ដូសទី៣ ឬដូសជំរុញបន្ដទៀត ក្នុងករណីកីឡាករ-កីឡាការិនី ត្រូវបន្ដបោះជុំរុំហ្វឹកហាត់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនភាពស៊ាំ និងបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ត្រៀមការប្រកួត ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

CAMSOC យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដកភាព_SPORTS_LIVE_IN_PEACE៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print