ខេត្តកំពង់ឆ្នាំង៖ ធ្នួសទឹកស្ទឹងជ្រៃបាក់ ដែលតែងតែខូចជាងរៀងរាល់ឆ្នាំនោះ ធ្វើអោយទឹកមិនអាចនៅសល់សម្រាប់ស្រោចស្រពស្រូវប្រាំង និងស្រូវវស្សា នាពេលនេះ ប្រជាពលរដ្ឋនៅក្នុងឃុំជ្រៃបាក់ស្នើសុំអោយសម្តេចហ៊ុនសែនជួយអន្តរាគមន៍សាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែង ដើម្បីនាំទឹកយកទៅស្រោចស្រពស្រូវប្រាំង របស់ពួកគាត់ ដែលកំពុងជួបការលំបាកក្នុងការខ្វះខាតទឹក ។
ប្រជាពលរដ្ឋបានអោយដឹងថា ផ្ទៃដីនៅតំបន់នោះមានជាង១០០ហិកតា អាចបង្កបង្កើនផលបានទាំងប្រាំទាំងវស្សា ហើយនៅពេលជួបនឹងគ្រោះរាំងស្ងួតទំនប់ទឹកនេះមានសារសំខាន់ណាស់សម្រាប់នាំទឹកយកទៅស្រោចស្រពដំណាំស្រូវ ។ ប៉ុន្តែនៅរដូវប្រាំងផ្ទៃដីជាង១០០ហិកតានោះ ត្រូវពឹងប្រភពទឹកពីស្ទឹងជ្រៃបាក់នេះទាំងស្រុងតែម្តង តែដោយមិនទាន់មានទំនប់សម្រាប់ស្ទាក់ទឹក ទើបប្រជាពលរដ្ឋជួបការលំបាកដោយត្រូវធ្វើធ្នួសជារៀងរាល់ឆ្នាំ ទើបអាចបង្ករបង្កើនផលស្រូវប្រាំងបាន ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា នៅឆ្នាំនេះដោយសារតែខ្វះទឹកធ្វើអោយផ្ទៃដីស្រូវប្រាំងចំនួន៣៥ហិកតា បានខូចខាតទាំងស្រុង និង អាចមានការខូចខាតជាបន្តបន្ទាប់ទៀតប្រសិនបើ ការសង្គ្រោះមិនបានទាន់ពេល ។
ប្រជាពលរដ្ឋ ដែលមានផ្ទៃដីស្រែប្រាំងនៅក្នុងតំបន់នោះ បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន អោយជួយសាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែងអំពីបេតុង នៅខាងមុខវត្តជ្រៃបាក់ ដើម្បីស្ទាក់ទឹកទុកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់ កុំអោយពិបាកដូចឆ្នាំកន្លងទៅទៀត ៕
ដោយ៖ ចន្ថា