អភិបាលខេត្តព្រៃវែង​ បើកកិច្ចប្រជុំស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom)

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងតាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១​ បានបើកកិច្ចប្រជុំ ស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន២០,០០០រៀល តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក​ លោកស្រី​ អភិបាលក្រុង-ស្រុកទាំង១៣ និងលោក​ ប្រធានមន្ទីរសុខាភិបាលខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក​អភិបាល​ខេត្ត​ បានជំរាបដល់លោក លោកស្រីអភិបាលក្រុង-ស្រុក ធ្វើការស្នើរសុំការគាំទ្រ និងឧបត្ថម្ភផ្សេងៗ តាមរយៈឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុកទាំង១៣ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយការចំណាយ ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩ សំរាប់ពលករវិលត្រឡប់មកពីប្រទេសថៃ នៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួន។

ទន្ទឹមនិងនេះ លោក​ ជា​ សុមេធី​ បានទទួលស្តាប់របាយការណ៍របស់លោក​ ​លោកស្រី​អភិបាលក្រុង-ស្រុក ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនរបស់មូលដ្ឋាន ដើម្បីជួយសម្រួលដោះស្រាយ និងធ្វើរបាយការណ៍សុំអន្តរាគមន៍បន្តទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ជាថ្មីម្តងទៀត លោកអភិបាលខេត្ត​ សូមជូនពរគណៈអភិបាលខេត្ត និងសមាជិកអង្គប្រជុំទាំងមូល សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print