ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៥ (ដប់បួន)ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
ជាមួយគ្នានេះ នៅថ្ងៃដដែល រដ្ឋបាលខេត្តក៏បានចេញសេចក្តីណែនាំ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
គួរជម្រាបថា ចំពោះករណីឆ្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃនេះដែរ ក៏បានប្រកាសរកឃើញអ្នកឆ្លងថ្មី ៤១៦នាក់ទៀត ជាសះស្បើយ ៣៨៦នាក់ និងស្លាប់ ១២នាក់ ក្នុងនោះ៖ ករណីឆ្លងសហគមន៍ ៣០៤នាក់, និងអ្នកដំណើរពីបរទេស ១១២នាក់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុប= 93, 926នាក់, អ្នកជាសះស្បើយ= 89,500 នាក់ និងអ្នកស្លាប់= 1,928 នាក់ផងដែរ៕
ដោយ៖សហការី