ខេត្តកំពង់ស្ពឺ÷ ជនដៃឆៅម្នាក់ បានចូលទៅកាប់បុរសវ័យចំណាស់ម្នាក់ដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាម៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះកំពុងដេកអានសៀវភៅធម៌ទាំងមិនដឹងខ្លួន។ ប៉ុន្តែអំពើឃាតកម្មគ្រោងទុកជាមិននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ភ្លាមៗដែរ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពី រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងបានឲ្យដឹងថា
ជនរងគ្រោះ ឈ្មោះ គឹម សិន អាយុ ៧០ ឆ្នាំ។ ឯជនដៃដល់ ឈ្មោះ ហឿន ឧត្តម អាយុ ៣០ ឆ្នាំ ។ បុរសរងគ្រោះ និងជនដៃដល់ រស់នៅក្នុងភូមិ ឃុំ កើតហេតុ ខាងលើជាមួយគ្នា ។
តាមសាក្សីនៅក្បែរផ្ទះជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មិនដឹងជនដៃដល់មានគំនុំជាមួយជនរងគ្រោះតាំងពីពេលណា ស្រាប់តែបានកាន់កាំបិតផ្គាក់ ចូលទៅកាប់ជនរងគ្រោះដែលកំពុងអានសៀវភៅធម៌ក្នុងផ្ទះ ជាច្រើនកាំបិត បណ្តាលឲ្យជនរងគ្រោះ ស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្ដង ។ សមត្ថកិច្ចឲ្យដឹងទៀតថា អំពើមនុស្សឃាតនេះ នៅមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ក្រៅពីសង្ស័យថាស្រាយគំនុំនោះទេ។ ក៏ប៉ុន្តែនៅក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាល ស្រុកសំរោងទង បានឃាត់ខ្លួនជនដៃដល់ និងរឹបអូសវត្ថុតាងកាំបិតផ្គាក់មួយដើមបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ ៕