ភ្នំពេញ៖ បញ្ហាសំរាម និងការងារសន្តិសុខសណ្តាប់ធ្នាប់គឺជាប្រធានបទដែលត្រូវលោកអភិបាលខណ្ឌច្បារអំពៅដាក់ចេញដើម្បីឲ្យលោក-លោកស្រីជាចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធអនុវត្តឲ្យបានព្រមៗគ្នាក្នុងគោលដៅរួមគឺ បរិស្ថានស្អាតសន្តិសុខល្អ និង សណ្តាប់ធ្នាប់សាធារណៈ មានរបៀបរៀបរយ ។
ការដាក់ចេញផែនការអនុវត្តការងារដើម្បីពង្រឹងភាពចន្លោះប្រហោងនៅរដ្ឋបាលខណ្ឌនេះបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ធ ,លោកអ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការចូលពីសមាជិកក្រុមប្រឹក្សាលោក-លោកស្រីជាចៅសង្កាត់ទាំង៨ រួមជាមួយមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពជាច្រើនអ្នកទៀត ។
ក្នុងកិច្ចប្រជុំលើកទី២២ នេះដែរសមាជិកក្រុមប្រឹក្សាខណ្ឌបានកោតសរសើដល់គណៈអភិបាលដែលខិតខំបំពេញការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ការងារបរិស្ថានជាពិសេសបញ្ហាគ្រឿងញៀនមានការថយចុះ ។ ទោះជាយ៉ាងណាក៏ដោយការងារដែលត្រូវធ្វើបន្តមិនចេះចប់នោះទេ គឺបញ្ហាសំរាម និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ពាក់ព័ន្ធនិងបញ្ហាសំរាមរួមជាមួយការងារសន្តិសុខនេះដែរលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានដាក់ផែនការឲ្យលោក-លោកស្រីជាចៅសង្កាត់ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ និងណែនាំឲ្យប្រជាពលរដ្ឋញែកសំរាមឲ្យបានត្រឹមត្រូវ ហើយយកទៅទុកដាក់នៅកន្លែងដែលបានកំណត់ ដើម្បីកុំឲ្យក្រុមហ៊ុនប្រមូលសំរាមរិះគន់ ។
ជាមួយគ្នានេះ ដែរលោកអភិបាលខណ្ឌបានណែនាំឲ្យគណៈបញ្ជាការឯកភាពរៀបផែនសម្រាប់ការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយរៀបចំកម្លាំង សមត្ថកិច្ចទាំងអស់ត្រូវដាក់វេណប្រចាំការនៅតាមរម្មនីយ៍ដ្ឋាន វត្តអារាម ទីប្រជុំជន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ អ្វីដែលលោកអភិបាលសង្កត់ធ្ងន់នោះ គឺការអវត្តមានរបស់មន្ត្រីទទួលបន្ទុកការងារតាមការិយាល័យតាមផ្នែកនីមួយៗ ដែលអវត្តមានពេលប្រជុំក្រុមប្រឹក្សា ដោយលោកចាត់ទុកថា មន្ត្រីប្រភេទនេះគឺមកធ្វើការងារឲ្យផុតពីផ្ទះមិនយកចិត្តទុកដាក់លើការងាររបស់ខ្លួន ព្រោះកិច្ចប្រជុំក្រុមប្រឹក្សា ១ខែធ្វើម្តងបែជាអវត្តមានទៅវិញ….៕
ដោយ៖ សណ្តោស