ខេត្តបាត់ដំបង៖ នារីវ័យ១៨ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកប្រឡាយគ្រាដែលខ្លួនមិនចេះហែលបណ្តាលឱ្យលង់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
នគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចប្រឡាយមានល័ក្ខ ស្ថិតនៅក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ គេន ឃីម ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុជនរងគ្រោះជាមួយមិត្តភក្តិជាច្រើននាក់ទៀតបាននាំគ្នាទៅលេងបាល់នៅលើដងផ្លូវក្បែរមាត់ប្រឡាយកន្លែងកើតហេតុខាងលើ ហើយគ្រាដែលស្ត្រីរងគ្រោះលោតហក់ចាប់បាល់នោះក៏បានរអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកជ្រៅលិចបាត់តែម្តង ។
លោកអធិការបានបញ្ជាក់បន្ថែមថា នៅពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារមិត្តភក្តិបាននាំគ្នាចុះរាវរកយ៉ាងយូរទើបប្រទះឃើញជនរងគ្រោះ ហើយដោយឃើញនៅមានជីបចរនោះក៏បានលើកដាក់រថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសលនៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានផុតដង្ហើមស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យបង្ហាញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា