ភ្នំពេញ៖ បើយោងតាម(CAMSOC) នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានប្រកាសរូបមន្ដប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជាផ្លូវការហើយ ដោយនឹងប្រើរូបមន្ដប្រកួត Top 8 (៨ក្រុមកំពូលតារាង) និង 5 Bottom (៥ក្រុមបាតតារាង) បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី១ នាពេលឆាប់ៗខាងមុខ ។
ការបញ្ជាក់ខាងលើ បានធ្វើឡើងក្នុងពិធីចាប់ឆ្នោតត្រៀមប្រកួតជុំទី២ នៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ ។ ចំពោះការប្រកួតជុំទី១ គ្រោងបញ្ចប់នៅថ្ងៃទី១៥-កញ្ញា ហើយក្រោយបញ្ចប់ជុំទី១ ក្រុមមានពិន្ទុខ្ពស់ជាងគេ ៨ក្រុមកំពូលតារាង នឹងទទួលបានកៅអីវិលជុំរកម្ចាស់ពាន នៅជុំទី២ ខណៈ ៥ក្រុមបាតតារាង នឹងត្រូវប្រកួតជម្រុះរកក្រុមធ្លាក់ទៅលេងលីគទី២ នាឆ្នាំក្រោយ ។ ការប្រកួតជុំទី២ គ្រោងចាប់ផ្ដើមនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ ៕
ដោយ, សិលា