ភ្នំពេញ៖ បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌដូនពេញ នៅថ្ងៃអង្គារទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា បានចាប់ប្រមូលជនអនាថា និងអ្នកញៀនថ្នាំបានចំនួន៣៥០នាក់ ក្នុងនោះស្ត្រី១២៤នាក់ និងកូនក្មេងចំនួន២២នាក់ផងដែរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងបំណងកាត់ផ្ដាច់ការចម្លង និងរីករាលដាលនៃជម្ងឺកូវីដ១៩ រយៈពេលជិត២ខែ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
អាជ្ញាធរខណ្ឌដូនពេញ បានឱ្យដឹងទៀតថា ក្រោមដឹកនាំបញ្ជាផ្ទាល់របស់ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រុមការងារចម្រុះរបស់ខណ្ឌដូនពេញ បានបើកយុទ្ធនាការចុះប្រមូលក្រុមជនអនាថា ក្មេងញៀនថ្នាំយកមកធ្វើសំណាក និងចត្តាឡីស័កនៅក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែកញ្ញា ២០២១ ។
អាជ្ញាធរខណ្ឌដូនពេញ បានគូសបញ្ជាក់ថា កម្លាំងប្រជាការពារបានចុះប្រមូល ក្រុមជនអនាថា បានសរុបចំនួន៣៥០នាក់ ក្នុងនោះប្រុសចំនួន ២០៤នាក់ ស្រីចំនួន ១២៤ នាក់ និងកូនក្មេងចំនួន២២ នាក់។ សូមជម្រាបថា ក្នុងចំណោមជនអនាថា និងអ្នកញៀនថ្នាំទាំង៣៥០នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច សរុបចំនួន២៨០ នាក់ ប្រុសចំនួន១៥៧ នាក់ស្រីចំនួន ១០២នាក់ ក្មេងចំនួន ២១នាក់ ។
ដោយឡែក សម្រាប់អ្នកដែលនៅសល់បន្តធ្វើចត្តាឡីស័កក្នុងមណ្ឌល សរុបចំនួន ៧០នាក់ ប្រុសចំនួន៤៧ នាក់ស្រីចំនួន១២ នាក់ ក្មេងចំនួន ០១នាក់។ រីឯអ្នកដែលនៅសេសសល់ កម្លាំងនឹងបន្តស្វែងរកបន្ថែមទៀតរហូតដល់អស់តែម្ដង៕
ដោយ៖ អារុណរះ