ខេត្តសៀមរាប៖ សពបុរសម្នាក់ត្រូវបានក្រុមក្មេងឃ្វាលគោប្រទះឃើញដេកស្លាប់នៅវាលស្រែ ដោយសមត្ថកិច្ចសន្និដ្ឋានថាជាអំពើឃាតកម្មគ្រោងទុកជាមុនដោយមានស្លាកស្នាម រឹតក.សម្លាប់និងវាយចំមុខព្រមទាំងដងខ្លួន។ ហេតុការណ៍ប្រទះឃើញសពនេះកើតឡើង នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ក្នុងវាលស្រែមួយនៅភូមិស្នាសង្គ្រាម ឃុំបល្ក័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានប្រាប់នៅព្រឹកថ្ងៃទី២០ ខែកក្កដាថា ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយ រឹតក. សម្លាប់នៅចំការក្នុងភូមិ ឃុំខាងលើ ហើយក៏គេចខ្លួនបាត់ ដោយសមត្ថកិច្ចសង្ស័យករណីនេះជំហានដំបូងថាជារឿងឃាតកម្មគ្រោងទុកមុន ដោយសាររឿងគំនុំគុំគួនមិនមែនជារឿងប្លន់នោះ ទេ។ សមត្ថកិច្ចបន្តថា សពនេះមិនទាន់មានអត្តសញ្ញាណនោះទេ ដោយមិនដឹងថា មានឈ្មោះអ្វី នៅស្រុកណាឡើយ និងគ្មានអ្វីសម្គាល់នៅក្នុងខ្លួនសពដើម្បីបញ្ជាក់នោះទេ ។ សមត្ថកិច្ចបន្ថែមថា កម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវករណីនេះ ឲ្យបានល្អិតល្អន់ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនលុមើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការបញ្ចុះនៅទីនោះផ្ទាល់ព្រោះមិនមានបងប្អូនសាច់ញាតិមកទទួលនោះទេហើយសមត្ថកិច្ចបានអំពាវនាវឲ្យជួយផ្សាយព័ត៌មាននេះដើម្បីឲ្យសាច់ញាតិបានដឹងផង៕ ជានិរន្ដរ៍
ក្មេងឃ្លាលគោប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យឃាតកម្មគិតទុកជាមុន
...