ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារខណ:ដែលពួកគេប្រទះឃើញសពឪពុករបស់ខ្លួនទាំងព្រឹក បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលមួយថ្ងៃរកមិនឃើញ សង្ស័យលង់ទឹកបឹង។
ការប្រទះឃើញសពអណ្ដែតក្នុងទឹកបឹងនេះ គឺកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១នៅចំណុចទឹកបឹងស្ថិតនៅក្នុងភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ព្រុំ តក់ អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាប៉ាង ឃុំម្រាម ស្រុករមាសហែក។
បើតាមក្រុមគ្រួសារបានឱ្យដឹងថា
កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១ឪពុករបស់ខ្លួនបានចេញបាត់ពីផ្ទះមិនដឹងជាទៅណាដោយម្ដាយមានឈ្មោះ ប៉ែន ខន អាយុ៧០ឆ្នាំមានការសង្ស័យក៏ដើរស្វះស្វែងរកដែរ ប៉ុន្តែរកពុំឃើញសោះ។
លុះមកដល់ម៉ោង៤រសៀល ក៏នាំគ្នាដើររកដល់ចំណុចទឹកបឹងឃើញមានខោនិងកាំបិតនៅលើភ្លឺ ចំណែកបង្គោលមងនិងមួកអណ្តែតនៅក្នុងទឹកបឹង ក៏កើតមានការឆោឡោនិងនាំគ្នាចុះរាវរកក្នុងទឹក តែ
រកពុំឃើញ ក៏នាំគ្នាត្រឡប់មកផ្ទះវិញទាំងក្ដីអស់សង្ឃឹម។
ប្រភពបន្តថា លុះមកដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ ក្រុមគ្រួសារក៏នាំគ្នាទៅមើលម្ដងទៀតស្រាប់តែឃើញសពគាត់អណ្តែតក្នុងទឹកបឹងនោះ។
ក្រោយពីពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាលង់ទឹកបឹងប្រាកដមែននោះ ទើបសមត្ថកិច្ចជំនាញនិងអាជ្ញាធរភូមិឃុំបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕ យឹម សុថាន