រដ្ឋាភិបាលចិន នៅថ្ងៃទី៨ខែកញ្ញា បានឱ្យដឹងថា នឹងបន្តរក្សាទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មីអាហ្វហ្គានីស្ថាន ។ ទន្ទឹមនឹងនោះចិនបានចាត់ទុកការបង្កើតរដ្ឋាភិបាលថ្មីគឺជាជំហានវិជ្ជមានក្នុងការស្តារប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ ចិន សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាននឹងស្តាប់នូវអ្វីដែលពលរដ្ឋរបស់ខ្លួនចង់បាន ក៏ដូចជាក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិ ។
ការប្រកាសខាងលើរបស់ចិនកើតឡើងក្រោយពេលមួយថ្ងៃដែលក្រុមតាលីបង់ប្រកាសរដ្ឋាភិបាលបណ្តោះអាសន្ន ដោយមានសមាសភាពសំខាន់ៗជាសមាជិកក្រុមតាលីបង់ ។ ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់មានបុគ្គលមួយចំនួនស្ថិតនៅក្នុងបញ្ជីស្វែងរកចាប់ខ្លួនពីអាមេរិក។
ប៉ុន្តែតាមអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បញ្ជាក់ថា គណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលបណ្តោះអាសន្ននឹងខិតខំជ្រើសរើសមន្ត្រីរបស់ខ្លួនមកពីគ្រប់ទីកន្លែងក្នុងប្រទេស។ រដ្ឋាភិបាល តាលីបង់បានសន្យាថា នឹងបង្កើតរដ្ឋាភិបាលតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថាននិងជាតិសាសន៍នៅក្នុងប្រទេសនេះ។
កន្លងមកក្រុមតាលីបង់ក៏បានប្រកាសថា ក្នុងពេលប្រកាសរដ្ឋាភិបាលថ្មី នឹងមានការអញ្ជើញប្រទេសជាច្រើនមកចូលរួមជាអធិបតី ក្នុងនោះក្រុមតាលីបង់អញ្ជើញចិន រុស្ស៊ី អុីរ៉ង់ និងមេដឹកនាំប្រទេសជាច្រើនទៀត៕ធី រីណា
ក្រុមអ្នកប្រយុទ្ធមកពីកងកម្លាំងពិសេសបាឌី ៣១៣ របស់តាលីបង់នៅអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃទី ៣១ ខែសីហា។ រូបថត៖ AFP
រដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី (ស្តាំ) ជួបមេដឹកនាំតាលីបង់បារ៉ាដានៅថ្ងៃទី ២៨ កក្កដា។ (រូបថត៖ Tribune)