ភ្នំពេញ៖ បុរសម្នាក់បាញ់សម្លាប់នារីម្នាក់ ក្រោយពេលឈ្លោះប្រកែកគ្នា ក្នុងអតីតខ្លឹបមួយកន្លែង រួចហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះសុីសុវត្ថិ ត្រង់ចំណុចអតីតខ្លឹបកំសាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។ចំណេកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អយុ៤៣ឆ្នាំ មុខរបរលក់ដូរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ គឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដោយមុនកើតហេតុ ជនដែលជាខ្មាន់កាំភ្លើងបានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ ដែលជាសង្សារនឹងគ្នា បន្ទាប់មករហូតឈានដល់ខាងបុរសបានយកកាំភ្លើងមួយដើម ម៉ាក54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុច បំពង់កធ្លាយដល់សួត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង តែរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងជំនាញ បានធ្វើកោសល្យវិច័យ សពទាំង២នាក់ខាងលើ ដើម្បីស្វែងរកអត្តសញ្ញាណ រកក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ រ៉ារ៉ា