ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់, គណៈគ្រប់គ្រងវិទ្យាល័យ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន បានបន្តចុះសំអាតអនាម័យបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមថ្នាក់រៀន នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក និងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ ដើម្បីត្រៀមបើកសាលារៀនឡើងវិញចាប់ពីថ្ងៃ១៥ ខែកញ្ញាតទៅ។
លោកអភិបាលខណ្ឌ បានលើកឡើងថា តាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាលនិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតរួចមក រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអនុញាតិឱ្យ គ្រឹះស្ថានទាំងរដ្ឋ និងឯកជន នឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ ។
លោក ថេង សុថុល បានបន្តទៀតថា ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកក៏បានជំរុញ ឲ្យគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ធ្វើតេស្តិ៍រហ័ស ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញាតទៅ ។ បើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះ នឹងដំណើរការសិក្សាឡើងវិញបាន ហើយចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ គឺត្រូវធ្វើពាក្យស្នើសុំបើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះ ដើម្បីប្រាកដថា ទីតាំងសាលាទាំងមូល មានអនាម័យ និងមិនឱ្យសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្មណ៍នៅពេលត្រឡប់ចូលសិក្សាវិញ ។
លោកនាយកវិទ្យាល័យទាំង២ បានឲ្យដឹងដែរថា លោកគ្រូអ្នកគ្រូប្រមាណជាង៩០% ហើយបានចាក់វ៉ាក់សាំង ទាំងដូសទី១ ដូសទី២ និងដូសជំរុញ ខណៈសិស្សានុសិស្សនៃវិទ្យាល័យបឹងត្របែក និងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវ ប្រមាណជាង ៩០%ហើយ ក៏បានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈសិស្ស និងគ្រូបង្រៀនដែលមិនបានចាក់វ៉ាក់សាំងនោះ គឺពួកគាត់មានជំងឺប្រចាំកាយ ៕
ដោយ៖ ជីណា