ភ្នំពេញ ៖ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជន ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពទាំងអស់មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារ កងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំ អន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរ ជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង ខេត្តស្ទឹងត្រែង។
ទោះបីក្នុងកាលៈទេសៈ ព្រះរាជាណាចក្រកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ ០១២ ៤២៥ ៩៨៩៕
ដោយ៖ ស សម