ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ដែលគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានអនុម័តលើ៦ចំណុច ក្នុងនោះគណៈកម្មាធិការមួយនេះ បានសម្រេចជាផ្លូវការ ក្នុងការបញ្ចូលរបៀបវារៈ បោះឆ្នោតគាំទ្ររុះរើគណៈរដ្ឋមន្ត្រី ទៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលធ្វើឡើង ជាលើកដំបូងសម្រាប់លើកទី៦ នីតិកាល៥ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ឡេង ប៉េងឡុង អ្ននាំពាក្យរដ្ឋសភា ដែលបានធ្វើសន្និសីទកាសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា នៅថ្ងៃនោះ(ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦) រដ្ឋសភានឹងពិភាក្សានិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសំណើរុះរើគណៈរដ្ឋមន្ត្រី សម្រាប់សមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២៦រូប។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការពីការស្នើរុះរើគណៈរដ្ឋមន្ត្រី ពាក់កណ្តាលអាណត្តិនេះ ក្នុងនោះមាន ឧបនាយករដ្ឋមន្ត្រី២រូប និងរដ្ឋមន្ត្រី១រូប ត្រូវបានបញ្ចប់តំណែង ហើយក៏មានការផ្លាស់ប្តូររដ្ឋមន្ត្រីនៅក្រសួងចំនួន៧ រួមទាំងតែងតាំងរដ្ឋលេខាធិការនៅក្រសួងមួយចំនួនទៀត ៕
ដោយ៖ វិបុល