ករណី​អ្នកនេសាទម្នាក់បាត់ខ្លួនដោយសារលិចទូកនេសាទនៅស្រុកស្ទឹងហាវ​,ពេលនេះ​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ បញ្ជាឱ្យកម្លាំងបន្តរុករកជនរងគ្រោះ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ តបតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន​ ជី.ធី.វី.សុី​ ស្ពីដប៊ូត​កម្ពុជា ( G.T.V.C) ដឹកនាំផ្ទាល់ដោយលោកឧកញ៉ា ទៀ វិចិត្រ កំពុងបន្តរុករកជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ដែលបានបាត់ខ្លួនដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ​។

សូមជម្រាបថា​​ កាលពីវេលាម៉ោង​ ២រសៀលថ្ងៃទី១៤ម្សិលមិញនេះ​ មានទូកនេសាទមួយគ្រឿងបានលិចនៅចំណុចចុងអូរ ចម្ងាយប្រមាណ១០០ម៉ែត្រពីដីគោក បណ្ដាល​ឱ្យ​អ្នកនេសាទម្នាក់បាត់ខ្លួន​ និងម្នាក់ទៀតត្រូវបានរកឃើញភ្លាមៗ ហើយ​នៅលើទូកនេសាទមានមនុស្សចំនួន២នាក់៖​ ទី១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ​ និងទី២-ឈ្មោះ ស៊ន​ មករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។

គួរបញ្ជាក់ថា​ ជនរងគ្រោះទាំងពីរជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះរួមនឹងពលរដ្ឋកំពុងស្វែងរកជនរងគ្រោះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print