តុលាការផ្តន្ទាទោសលោក សេង សុវណ្ណារ៉ា ដាក់ពន្ធនាគារ២ឆ្នាំ៦ខែក្នុងសំណុំរឿងដីធ្លីនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ៖ លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគមនិស្សិតបញ្ញវន្តក្មេងវត្ត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសពីបទគុបគិតគ្នាបំពានយកដីរដ្ឋនៅខេត្តមណ្ឌលគិរី ដាក់ពន្ធនាគារ២ឆ្នាំ៦ខែ។ ចំណែកបក្ខពួក ៣នាក់ទៀតជាប់ពន្ធនាគារ២ឆ្នាំ ហើយតម្រូវឲ្យដកហូតយករថយន្តនិងដីធ្លីរបស់រដ្ឋ ទុកជាសម្បត្តិរដ្ឋវិញ។

សាលក្រមសាលាដំបូងរាជធានីភ្នំពេញនេះ បានប្រកាសកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមសាលក្រមប្រកាសចំពោះមុខជនជាប់ចោទ គឺតុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ៖ ១-ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដាក់ពន្ធនាគារកំណត់២ឆ្នាំ៦ខែ ពីបទប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ឆបោកមានស្ថានទម្ងន់ទោស សម្លុតគំរាមកុំឱ្យដាក់ពាក្យបណ្ដឹង និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធដីធ្លីរបស់រដ្ឋប្រមាណ១ពាន់ហិកតា ស្ថិតនៅភូមិអន្ទះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ តាម មាត្រា២៥៩ នៃច្បាប់ភូមិបាល មាត្រា៣៧៧ មាត្រា៣៨០ និង មាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។
២-ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡ ភេទប្រុស អាយុ៣៦ឆ្នាំ,៣-ផ្តន្ទាទោសឈ្មោះ ប៉ូ ចយ ភេទប្រុស អាយុ៣៤ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗកំណត់ ២ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារម្នាក់១ឆ្នាំ៦ខែ ហើយទោស នៅសល់ត្រូវព្យរ។ ៤-ផ្តន្ទាទោសឈ្មោះ ស៊ីន ប៉ូ ភេទប្រុស អាយុ៥៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងបទសម្លុតគំរាមកុំឲ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា២៥៩ ច្បាប់ភូមិបាល និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ។

សាលក្រម បានបើកសិទ្ធិទុកពេលឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ប្រសិនបើជនជាប់ចោទកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ។ ជនជាប់ចោទឈ្មោះ សេង សុវណ្ណារ៉ា បានប្រកាសប្ដឹងឧទ្ធរណ៍ភ្លាមៗ ខណៈចៅក្រមជំនុំជម្រះប្រកាសបិទកម្មវិធី ដោយលោកបានពោលពាក្យប្រាប់មជ្ឈដ្ឋានអ្នកចូលរួមស្តាប់សវនាការ នោះថា លោកមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។

សូមរម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សេង សុវណ្ណារ៉ា និងគូកន៣នាក់មកបើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធរំលោភដីធ្លីរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។ សវនាការបានធ្វើឡើងជាសាធារណៈ ដែលដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខជនជាប់ចោទទាំង ៤ នាក់ រួមមាន៖ ១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារ អតីតជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត។ ២.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរ ជាប្រធានភូមិកោះមើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ៣.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ។ ៤.ឈ្មោះ ប៉ូ ចយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកសិករ។

ជនជាប់ចោទ សុទ្ធតែមានមេធាវីការពារក្ដីតាមផ្លូវច្បាប់រៀងខ្លួន ដែលសវនាការបានសាកសួរដេញដោលលើជនជាប់ចោទ រហូតដល់ម៉ោងសម្រាក ទើបលោកចៅក្រមជំនុំជម្រះលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

សូមរម្លឹកទៀតថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក សុង ប៊ុនរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ សេង សុវណ្ណារ៉ា និងគូកន៣នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ សេង សវណ្ណារ៉ា និងគូកន៣នាក់នោះ
បន្ទាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង បានបើកការសាកសួរលើជនសង្ស័យអស់រយៈពេល ២ថ្ងៃ ដោយចោទប្រកាន់ចំនួន៤បទល្មើស៖ ១.បទល្មើសឆបោក មានស្ថានទម្ងន់ទោស, ២.បទ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត, ៣.បទ សម្លុតគំរាមកំហែងមិនឲ្យមានការប្តឹងផ្តល់ និង៤.បទ រំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (ពាក់ព័ន្ធដីធ្លី)។
ជនសង្ស័យទី១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខងារជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានអាសយដ្ឋាន ផ្ទះលេខ៤៨A ផ្លូវលេខ៥៨៨ សង្កាតបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានអាសយដ្នាននៅភូមិកោះមឿលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ៣.ឈ្មោះ ស៊ីន ប៉ូ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាប្រធានភូមិ រស់នៅភូមិកោះមើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ៤.ឈ្មោះ ប៉ូ ចយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះមើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០ ដើម្បីសាកសួរបំភ្លឺក្នុងដំណើររឿងពាក់ព័ន្ធករណីធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ទើបបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print