ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃនេះបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៩ គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។
គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ប្រភពដដែលបន្តថា ប្រតិបត្តិការខាងលើនេះ បានធ្វើនៅផ្លូវលេខ១២៥ គីឡូម៉ែត្រលេខ៥៥ ភូមិ ដកពរ ឃុំរដៀង ស្រុកសំរោងទង ខេត្តតាកែវ។
ជាថ្មីម្តទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕ដោយ៖សហការី