ខេត្តក្រចេះ,នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅទីតាំងបឹងកាឡូខេត្ត ក្នុងសង្កាត់ក្រចេះ។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ហើយ ដោយបានប្រគល់ឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជំនាញជាន់ខ្ពស់សិក្សាបន្ថែមពីលទ្ធភាព ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម៦ ឆ្នាំ ដែលមានចំនួនសរុបចំនួន ៩១៥,០៤៦នាក់ នៅទូទាំងប្រទេស៕
ដោយ, សិលា