ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់។
ប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ វង្ស សារិទ្ធសុខាត្យា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១កូនថង់ សង្ស័យជាសារធាតុញៀន(ទម្ងន់ ០.៦៣ក្រាមទាំងសំបក), ទូរស័ព្ទដៃចំនួន០១គ្រឿង, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន១គ្រឿង,
កាបូបដាក់លុយចំនួន១ ។
លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៅវេលាម៉ោង ១៥និង៣៥នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅចំណុចក្រុម៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀតឈ្មោះ ហំ ប៉េងអាន ហៅប៉ែល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ជាមួយវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន១១ថង់ (ទម្ងន់១៣.៣២ក្រាម),
ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់ និងសម្ភារច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា