ខេត្តកំពង់ស្ពឺ: សេចក្ដីសម្រេច របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ដីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានរយៈពេលមួយសប្តាហ៍អាទិត្យ គិតចាប់ពីថ្ងៃទី ១៧ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ស្ពឺសម្រេច:
ប្រការ១…ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្ត រយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ប្រការ២…ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខ រង្គសាល ឌីស្កូតក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និង សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។
រាល់សកម្មភាពការងារ មុខរបរ អាជីវកម្មដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣កុំ ៣ការពារ”របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រការ៣…ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ (ដប់)នាក់ លើកលែងតែចំពោះករណីដូច ខាងក្រោម៖
– ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា
– ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត
– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ហាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ប្រការ៤…បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារដូចមានចែងក្នុង ប្រការ២ និងប្រការ៣ នៃសេចក្តីសម្រេចនេះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដូចបានកំណត់ ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
ដោយ, សិលា