ខេត្តបាត់ដំបង ៖ ម៉ូតូ២គ្រឿងបានបុកគ្នា បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៧B នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL-6363 បើកបរដោយឈ្មោះ នា ដានី ភេទស្រី អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ខេង សារ៉ែម ភេទស្រី អាយុ ៤១ឆ្នាំ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) អ្នកទាំងពីរនាក់មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ចំណែកម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម (HONDA-DREAM) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1A-9991 បើកបរដោយឈ្មោះ បូ វិច្ឆិកា ភេទស្រី អាយុ១៥ឆ្នាំ (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ វើយ ស្រីវិន ភេទស្រី អាយុ១៩ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីរនាក់មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។
តាមការពិនិត្យកន្លែងកើតហេតុ គឺម៉ូតូHONDA BEATធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូHONDA-DREAM ដែលបើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើតចំផ្នែកមុខចំហៀងខាងឆ្វេងតែម្តង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ៤នាក់រងរបួសធ្ងន់និងស្រាល។
ក្រោយកើតហេតុកម្លាំងជំនាញនគរបាលស្រុកបានយករថយន្តសង្គ្រោះមកដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មគោល រួចវាស់វែងយកវត្ថុតាងម៉ូតូទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល រង់ចាំធ្វើចំណាត់ការតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ