អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ទ្វីបអាហ្វ្រិកកំពុងតែប្រឈមនឹងកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រហូតដល់ទៅ៤៧០លាន ដូសនៅក្នុងឆ្នាំ២០២១នេះ ក្រោយពេល COVAX កាត់បន្ថយចំនួនវ៉ាក់សាំងដែលនឹងផ្ញើទៅកាន់ទ្វីបអាហ្វ្រិក។ ដោយសារតែកង្វះវ៉ាក់សាំងនៅលើពិភពលោក COVAX បានសម្រេចកាត់បន្ថយវ៉ាក់សាំងប្រមាណ១៥០ លានដូសដែលនឹងផ្ញើទៅកាន់ទ្វីបអាហ្វ្រិក។ ការិយាល័យ WHO ប្រចាំនៅទ្វីបអាហ្វ្រិកបានឱ្យដឹងថា វ៉ាក់សាំង៤៧០លានដូសដែលនឹងចាក់ជូនពលរដ្ឋបាន១៧% គឺទាបជាង៤០%នៃគោលដៅដែលWHO ដាក់ចេញ ប៉ុន្តែពេលនេះបានកាត់បន្ថយ១៥០លានដូស ក្នុងចំណោម៤៧០លានដូសនឹងធ្វើឲ្យកង្វះវ៉ាក់សាំងកាន់តែខ្លាំង ។ ប្រធានអង្គការWHO ប្រចាំនៅក្នុងទ្វីបអាហ្វ្រិក លោក Matshidiso Moeti បានបញ្ជាក់ថា «ការខ្វះតម្លាភាព និងភាពយឺតយ៉ាវ អាចធ្វើឲ្យទ្វីបអាហ្វ្រិកក្លាយទៅជាតំបន់ដែលបង្កើតចេញនូវវីរុសបំប្លែងថ្មីជាច្រើនបន្ថែមទៀត បង្កជាផលលំបាកយ៉ាងខ្លាំងក្នុងការទប់ស្កាត់ អាចធ្វើឲ្យពិភពលោកវិលត្រឡប់ទៅកាន់ចំណុចចាប់ផ្តើមឡើងវិញ»។ បច្ចុប្បន្ន ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិកកើនឡើងដល់ទៅជាង៨លាននាក់ហើយ ។ តាមគម្រោងនៅក្នុងសប្តាហ៍នេះCOVAX និឹងផ្តល់ជូនវ៉ាក់សាំងចំនួន៩៥លានដូសដល់ទ្វីបអាហ្វ្រិក ។ បើទោះបីបានផ្តល់ជូនវ៉ាក់សាំងបានច្រើនហើយក្តី ក៏ប៉ុន្តែមកទល់ពេលនេះទ្វីបអាហ្វ្រិកទើបតែចាក់វ៉ាក់សាំងបាន៥០លាននាក់ប៉ុណ្ណោះ ស្មើនឹង ៣,៦%៕ដោយ៖ធីរីណា
រូបថត៖Reuters.