ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានី បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៍មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពីប្រជាពលរដ្ឋរស់នៅម្តុំចាក់អង្រែលើ ផ្លូវបេតុងលេខ១៣ ភូមិព្រែកតាគង៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៍មាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែកញ្ញាថ្មីៗនេះ បានស្រាវជ្រាវនៅទីតាំងខាងលើនេះភ្លាមៗ។
លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ដោយមានការដឹកនាំដោយផ្ទាល់លោក ឆាយ ហុង ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ស្រី ០១នាក់។
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ១១នាក់ខាងលើនេះ មានមនុស្សចំនួន២នាក់ ជាមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មទី១-ឈ្មោះ ធាន ខេង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជួញដូរ)។ ទី២-ឈ្មោះ ឆែ ភិរុណ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរ)។ ចំណែកអ្នកចូលមកទិញគ្រឿងញៀន យកទៅប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតញៀន ចំនួន០៩នាក់។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣១កញ្ជប់ថង់តូច, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១, ថង់ប្លាស្ទិកមួយចំនួនធំ, ដែកកេះ ចំនួន០៤, ទូរស័ព្ទដៃ ចំនួន០២គ្រឿង,ម៉ូតូចំនួន០៧គ្រឿង៕
ដោយ៖សហការី