ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានលេបត្របាក់ផ្សារដំបូលខៀវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារក្នុងតូបអស់ទាំងស្រុង។
ម្ចាស់ទីតាំងលោកឧកញ៉ា កាំង ឡេង អាយុ៣៩ឆ្នាំ មុខរបរ អគ្គនាយកផ្សារដំបូលខៀវ និងមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ ។ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្ដអគ្គិសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ គឺបានឆេះបំផ្លាញតូបថ្មប្រក់ស័ង្កសីដែលស្ថិតក្នុងផ្សារមានទំហំ២០០ម៉ែត្រ x ១២ម៉ែត្រ ដោយឆេះអស់តូបចំនួន៦និងសម្ភារក្នុងតូបអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
ជំុវិញប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើនឹង៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់២ឡាន ស្មេីនឹង ១២ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រនាថ្ងៃដដែល៕
ដោយ៖សុខាសែនជ័យ