ខេត្តព្រះសីហនុ: បើកយោងរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា, នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កក្នុងឱកាសនោះលោក គួច ចំរេីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយគ្នានេះ លោក បានលេីកឡេីងពីគំរូវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការបន្តកិច្ចការងារ បេីទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រុមការងារនៅអាចធ្វេីការបានជាបន្តបន្ទាប់តាមបែបគន្លងថ្មី។
ទន្ទឹមនឹងនេះ លោក បានអំពាវនាវដល់បងប្អូនដែលចូលរួមកម្មវិធីនៅថ្ងៃនេះ សូមជួយបន្តផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនបន្ថែមទៀត ជាពិសេសមន្ត្រីពាក់ព័ន្ធ និងបណ្តាញផ្សព្វផ្សាយនានា សូមបន្តផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដេីម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ផង និងលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផង។
ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់បទបង្ហាញពី លោកស្រី មុំ ចន្ទី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ រួចមក ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានដាស់តឿនពីសារអប់រំសុខភាព ពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ និងមេរោគអេដស៍ ព្រមទាំងបានទទួលនូវវត្ថុអនុស្សាវរីយ៍ក្នុងម្នាក់ៗ ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកសុទ្ធ ទឹកក្រូច សម្ភារប្រេីប្រាស់ កញ្ចប់អនាម័យ និងថវិកា ១០ម៉ឺនរៀល។
បន្ទាប់ពីកម្មវិធីខាងលេីនេះ ក្រុមការងារ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារកំព្រា ២នាក់ ដែលត្រូវឪពុកបោះបង់ចោល និងម្តាយស្លាប់ ហេីយត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជួយសម្របសម្រួលឱ្យបានស្នាក់នៅក្នុងមណ្ឌលកុលាបនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕
ដោយ, សិលា