រូបថត២សន្លឹករបស់យុវតី២នាក់ទាក់ទាញការចាប់អារម្មណ៍ពេញហ្វេសបុក

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម កាលពីម្សិលមិញបានចែកចាយតៗគ្នាអំពីរូបភាព២សន្លឹករបស់យុវតី២​នាក់ ដែលជិះម៉ូតូស្គូពី ហើយត្រូវគេអះអាងថា នៅតំបន់កោះពេជ្រ ហើយត្រូវមន្ត្រី​នគរបាលឃាត់សួរនាំ ។ យ៉ាងណា​ក្តី មិនមានការបញ្ជាក់អំពីឈ្មោះយុវតីទាំងពីរនាក់ ដែលជិះម៉ូតូក្នុងសម្លៀកបំពាក់ដ៏សិចស៊ីនោះទេ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរិះគន់ ពេបជ្រាយដល់យុវតីទាំងពីរនាក់នោះជាខ្លាំង ។ អ្នកខ្លះថា ដោយសាររដូវក្តៅទើបនាងៗស្ទើរតែមិនពាក់អាវបែបនេះ, អ្នកខ្លះថា ហួសហេតុពេកហើយ នាងអើយ, សម័យទំនើប​គឺ​តែងតែយ៉ាងដូច្នេះឯង, កូននរណាទៅហ្ន, នគរបាលគួរតែចាត់ការ, អ្នកខ្លះថា នាងៗទាំងពីរនាក់នេះ ជាអ្នករកស៊ី(ស្ត្រី​ពេស្យាចារ) អ្នកខ្លះថា វាជាការ​ប្រមានថយ៉ាងធ្ងន់ដល់វប្បធម៌ជាតិ ។

នៅក្នុងរូបភាពនេះ គេឃើញមន្ត្រីនគរបាលច្រើនរូបនៅពីក្រោយ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរចោមរោមមើលនាង ទាំងពីរនាក់នោះ ។ អ្នកខ្លះទំនងជាបានសួរនាំ អំពីការស្លៀកពាក់មិនសមរម្យរបស់យុវតីទាំងពីរនាក់នោះ ។ នៅក្នុង​រូបភាពយុវតីទាំងពីរនាក់បានឱនឈ្ងកមុខ ទំនងជាមានការអៀនខ្មាស់ខ្លះដែរ​ នៅគ្រាដែលមហាជនចោមរោម​មើល។ បើទោះជាយ៉ាងនេះក៏ដោយ មន្ត្រីនគរបាល​ ឬសន្តិសុខប្រចាំការ​នៅកោះពេជ្រនោះ មិនបានឃាត់យុវតីទាំងពីរនាក់​នោះទេ គឺគ្រាន់តែបានអប់រំណែនាំតែប៉ុណ្ណោះ នេះបើតាមបណ្តាញសង្គមហ្វេសបុក ។

រឿងស្លៀកពាក់លេចលើ លេចក្រោម សិចស៊ីហួសហេតុនេះ ក៏ធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍ពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈផងដែរកាលពីពេលថ្មីៗនេះ ។ ក្រសួងនេះ​បានចេញសេចក្តីណែនាំដល់សិល្បការិនី មិនឲ្យស្លៀកពាក់ សិចស៊ីហួសហេតុ ព្រោះតែប្រាថ្នាទាក់ទាញភាពល្បីល្បាញនោះទេ ។ មិនថាតែរូបភាពក្នុងសិល្បៈ ឬក្នុងនៅក្នុង​បណ្តាញសង្គមផ្ទាល់ខ្លួននោះទេ គឺមិនត្រូវសិចស៊ីហួសហេតុឡើយ ។ ការព្រមានរបស់ក្រសួងវប្បធម៌ចំពេល​ដែល​សិល្បការិនីមួយចំនួន​បានបង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមរបស់ខ្លួននូវរូបភាពសិចស៊ី ហួសហេតុពេក ។ សិល្បការិនីមួយចំនួនត្រូវគេពិព័រណ៌នាថា បានបង្ហាញភាពសិចស៊ីដើម្បី​ដូរយកភាពល្បីល្បាញ គឺល្បីល្បាញ​ក្នុង​ផ្លូវ​មិន​ល្អ ព្រមតាំងការ​ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ដ៏ផូរផង់របស់ខ្មែរនោះទៀតផង ។​

មិនសំដៅតែចំពោះសិល្បការិនីម្នាក់ណានោះទេ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ក្រើនរំលឹកជាចំហ​រ ចំពោះសិល្បការិនីជាទូទៅ ។ ក្នុងពេលដែល​មានការ​អប់រំណែនាំនេះ គេឃើញមានសិល្បការិនី​យ៉ាងហោចណាស់២​នាក់​បានបង្ហោះរូបភាពសិចស៊ីរបស់ខ្លួន ទំនងជាដើម្បីទាញយកប្រជាប្រិយភាព ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈមិនបានប្រកាសចាត់វិធានការផ្លូវច្បាប់យ៉ាងណានោះទេ គឺគ្រាន់តែទទូចសុំកុំឲ្យសិចស៊ីពេក​តែប៉ុណ្ណោះ ។

នៅក្នុងបណ្តាញសង្គមឯណេះវិញ អ្នកខ្លះនិយាយថា វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការស្លៀកពាក់ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ សិទ្ធិនោះមិនគួរធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ពូជសាសន៍ជាតិឯងនោះឡើយ ។ ជាក់ស្តែង​ករណីយុវតី២​នាក់ដែលស្លៀកពាក់សិចស៊ី ស្ទើរតែ​ស្រាតល្វែងលើនោះ វាជាសិទ្ធិរបស់នាងពិតប្រាកដមែន គ្រាន់តែថា សិទ្ធិនោះ​វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិសាសន៍មួយ ។ ដូច្នេះ គេគួរតែ​មានវិធានការផ្លូវច្បាប់ឲ្យ​បាន​តឹងតែង មិនមែនត្រឹមតែជាការអប់រំណែនាំថើៗនោះទេ ៕ ហេង សូរិយា

image image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print