អភិបាល​ខេត្ត​កែប​៖​ ពលរដ្ឋ​ទាំង​អស់កុំ​ចូលរួមជាមួយអំពើល្មើសច្បាប់​, ការកាប់បំផ្លាញព្រៃលិចទឹក, ការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀនជាដើម​

ចែករំលែក៖

ខេត្ត​កែប​៖​ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ នៅព្រឹកថ្ងៃចន្ទ​ទី២០ ខែកញ្ញា ឆ្នាំ២០២១​នេះ​ បានអញ្ចេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចាក់កៅស៊ូ​ DBST ប្រវែង ២,០៥៥ម៉ែត្រ និងទទឹង១៨ម៉ែត្រ​ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការអញ្ចេីញចូលរួមពីសំណាក​ លោក​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ តំណាងកងកម្លាំងទាំងបី​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការចំណុះសាលាខេត្ត​ គណៈអភិបាល​ក្រុង-ស្រុក​ ក្រុមប្រឹក្សា​ក្រុង​-ស្រុក​ ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ មេឃុំ​ ចៅសង្កាត់​ និងបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាននៃគម្រោងនេះផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការផ្លូវចាក់កៅស៊ូ​ DBST នាឱកាសនោះ​ លោក​ សោម​ ពិសិដ្ឋ​ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ
ដែលទទួលបានសមិទ្ធផលបន្តបន្ទាប់ពីរាជរដ្ឋាភិបាល សំដៅប្រែក្លាយពីទីជនបទ ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា និងជំរុញកំណើនសេដ្ឋកិច្ច បង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ។​

លោកអភិបាលខេត្ត​ បា​នបន្តទៀតថា​ ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងក្រុងកែប និងផ្លូវលេខ១៣៣២ ដែលជាផ្លូវស្របមាត់សមុទ្រ នេះគឺជាចក្ខុវិស័យមួយរបស់ខេត្តកែប ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត​ ក៏ដូចជាស្ថាបនពាក់ព័ន្ធធ្វើឱ្យសម្រេចបាននៅសមិទ្ធផលមួយនេះឡើង។ លោកអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមថា​ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច បើទោះបីក្នុងកាលៈទេសៈលោកទាំងពីរកំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ក៏ដោយ ក៏លោកទាំងពីរតែងតែជំរុញការកសាងសមិទ្ធផលថ្មីៗ​ ក្នុងមូលដ្ឋានដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោក​ សោម​ ពិសិដ្ឋ​ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលខេត្តកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល​ សេវាសាធារណៈ​ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ម្យ៉ាងវិញទៀត ក្រោយពីទទួលបានសមិទ្ធផលនេះហើយ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំដាំដើមឈើ​ និងប្រើប្រាស់ផ្លូវទាំងនេះ ឲ្យមានប្រយោជន៍ នៅរាល់ពេលធ្វើដំណើរ បងប្អូនទាំងអស់គ្នា​ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យ​ចូលរួមជាមួយអំពើល្មើសច្បាប់នានា​ ដូចជា​ ការកាប់បំផ្លាញព្រៃលិចទឹក ការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀនជាដើម​ ។ល។ ជាពិសេសទៅទៀតនោះ​ ត្រូវការពារខ្លួន ដេីម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងវិធានការនានា​ របស់ក្រសួងសុខាភិបាល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print