ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ចេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចាក់កៅស៊ូ DBST ប្រវែង ២,០៥៥ម៉ែត្រ និងទទឹង១៨ម៉ែត្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការអញ្ចេីញចូលរួមពីសំណាក លោក អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាននៃគម្រោងនេះផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការផ្លូវចាក់កៅស៊ូ DBST នាឱកាសនោះ លោក សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ
ដែលទទួលបានសមិទ្ធផលបន្តបន្ទាប់ពីរាជរដ្ឋាភិបាល សំដៅប្រែក្លាយពីទីជនបទ ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា និងជំរុញកំណើនសេដ្ឋកិច្ច បង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលគ្រប់ប្រភេទ។
លោកអភិបាលខេត្ត បានបន្តទៀតថា ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងក្រុងកែប និងផ្លូវលេខ១៣៣២ ដែលជាផ្លូវស្របមាត់សមុទ្រ នេះគឺជាចក្ខុវិស័យមួយរបស់ខេត្តកែប ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាស្ថាបនពាក់ព័ន្ធធ្វើឱ្យសម្រេចបាននៅសមិទ្ធផលមួយនេះឡើង។ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច បើទោះបីក្នុងកាលៈទេសៈលោកទាំងពីរកំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏លោកទាំងពីរតែងតែជំរុញការកសាងសមិទ្ធផលថ្មីៗ ក្នុងមូលដ្ឋានដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោក សោម ពិសិដ្ឋ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលខេត្តកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ម្យ៉ាងវិញទៀត ក្រោយពីទទួលបានសមិទ្ធផលនេះហើយ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំដាំដើមឈើ និងប្រើប្រាស់ផ្លូវទាំងនេះ ឲ្យមានប្រយោជន៍ នៅរាល់ពេលធ្វើដំណើរ បងប្អូនទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យចូលរួមជាមួយអំពើល្មើសច្បាប់នានា ដូចជា ការកាប់បំផ្លាញព្រៃលិចទឹក ការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀនជាដើម ។ល។ ជាពិសេសទៅទៀតនោះ ត្រូវការពារខ្លួន ដេីម្បីជៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងវិធានការនានា របស់ក្រសួងសុខាភិបាល៕
ដោយ៖សហការី