ដូចពាក្យចចាមអារ៉ាមនាពេលកន្លងមក លោកស្រីអង់សានស៊ូជី កាន់ដំណែងរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗ៣ផ្សេងទៀត។ នេះបើតាមការប្រកាសរបស់ប្រធានរដ្ឋសភាមីយាន់ម៉ា លោកMann Win Khaing Than បានប្រកាសនៅក្នុងសភា ពេលស្បថចូលកាន់ដំណែង រដ្ឋាភិបាលថ្មីនាថ្ងៃទី៣០ខែមីនា។ក្រៅពីនេះសភាក៏បានអនុញ្ញាតិឲ្យលោកស្រីស៊ូជីកាន់ដំណែងក្នុងក្រសួង៣ផ្សេងទៀត ក្រៅពីរដ្ឋមន្ត្រីការបរទេសគឺ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតី ,រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រី ថាមពល និងអគ្គិសនី។
ការសម្រេចតែងតាំងលោកស្រីស៊ូជី កាន់ដំណែង៤ផ្សេងគ្នាត្រូវបានប្រធានសភាលោកMann Win khaing Than ប្រកាសនៅក្នុងពិធីស្បថចូលកាន់ដំណែង។កន្លងមកអ្នកនាំពាក្យ គណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោកZaw Myint Maung បញ្ជាក់ថាលោកស្រីស៊ូជីនិងកាន់ដំណែងរដ្ឋមន្ត្រីការបរទេស ព្រមទាំងតំណែងរដ្ឋមន្ត្រីផ្សេងទៀត។ លោកស្រីស៊ូជីគឺជាស្ត្រីតែមួយគត់ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។
ក្នុងថ្ងៃជាមួយគ្នានោះប្រធានាធិបតីថ្មីកើតឡើងដោយការបោះឆ្នោតដំបូងបង្អស់នៅមីយ៉ាន់ម៉ាក្រោយរយៈពេល៥៦ឆ្នាំលោកHtin kyaw អតីតជំនួយការរបស់លោកស្រីសូជី ក៏បានស្បថចូលកាន់តំណែងជំនួសលោកធៀនសេន នៅថ្ងៃទី១ខែមីនា។ លោក Htin Kyaw បានយកឈ្នះទៅលើបេក្ខភាពពីររូបផ្សេងទៀតគឺលោកHenry Van Thio និង បេក្ខភាពដែលយោធាជ្រើសរើសគឺលោកMyint Swe នៅក្នុងការបោះឆ្នោតសភា ដោយលោកHtin Kyaw ទទួលបានសម្លេងគាំទ្ររហូតដល់ទៅ ៣៦០ ក្នុងចំណោមសមាជិកសភា ៦៥២នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី