លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌ ទាំង១៤ ត្រូវ ត្រៀមលក្ខណៈការពារ សន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ជាមួយការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ឲ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩។

លោក ឃួង ស្រេង មានប្រសាសន៍ លើកឡើងថា ៖ ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍នាពេលកន្លងមកហើយក្តី ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ក៏បានណែនាំឲ្យប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនឲ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ ប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាម ខ្លោងទ្វារវត្តត្រូវបាញ់អាល់កុល និងវាស់កម្ដៅ។

ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឲ្យយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបាន បើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឲ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យឡើងវិញថែមទៀត។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធា រណៈរបស់រដ្ឋ ត្រូវការពារឲ្យបានគង់វង្សពីអំពើចោរកម្ម៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print