ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានដល់មន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួន ត្រូវបញ្ឈប់ការយកកម្រៃក្រៅសេវាពីប្រជាពលរដ្ឋ លើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង សំបុត្រកំណើត ដើម្បីជៀសវាងការទិទាន ។
ការព្រមានរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីបើក អង្គសន្និបាតត្រួតពិនិត្យសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០១៥ និង លើកទិសដៅឆ្នាំ២០១៦ របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍បានថ្លែងថា កន្លងមកនេះ ស្ទើរតែនៅគ្រប់វេទិការសាធារណៈ មានប្រជាពលរដ្ឋជាច្រើន បានលើកឡើងឥតដាច់ពីមាត់ ពាក់ព័ន្ធនិងភាពយឺតយ៉ាវ នៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់សំបុត្រកំណើតជាដើម ដោយប្រជាពលរដ្ឋខ្លះបានលើកឡើងថា ការធ្វើលិខិតស្នាមទាំងនោះ គឺមានការយកកម្រៃក្រៅសេវាពី៣០ដុល្លាទៅ៨០ដុល្លា និងដល់ជាង១០០ដុល្លារ បើចង់បានលឿន ៕
ដោយ៖ តាឡឹម