ភ្នំពេញ៖ កូនតុងទីន13នាក់ ក្នុងចំណោម កូនតុងទីនចំនួន២១៩នាក់ បន្ទាប់ពីនាំគ្នាលេងតុងទីន រយៈពេលជិត១ឆ្នាំមកហើយស្រាប់តែ មកដល់ពេលនេះ ដឹងថាមេតុងទីនបានវេចលុយរត់គេចខ្លួន បាត់ បានត្រឹមទឹកភ្នែកនិងសោកស្តាយ មិនដឹងធ្វើយ៉ាងណា បានលុយខ្លួនមកវិញ នាំគ្នារត់ទៅប្តឹងអាជ្ញាធរមូលដ្ឋានឲ្យជួយ ។
ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង ៤និង១៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានកូនៗតុងទីនចំនួន១៣នាក់ បានទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅឲ្យជួយម្តងទៀត បន្ទាប់ពីលើកមុនមកម្តងរួចហើយ ។
តាមស្ត្រីម្នាក់ឈ្មោះ សុខ សាវី អាយុ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់និងបង្ហាញមុខ ស្ត្រីជាមេតុងទីន ឆបោកយកលុយកូនរត់គេច តាមរយៈរូបថត ដល់អ្នកយកពត៌មាន ឲ្យដឹងថា ស្ត្រីជាមេតុងទីនមានឈ្មោះ ផុត សូត្រ ហៅខេង អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ FWKK ស្នាក់នៅផ្ទះជួលក្បែរោងចក្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ឃុំ ប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមរត់គេចខ្លួនបាត់ ។
បើតាមស្ត្រីឈ្មោះអ៊ឹម ឃុននី អាយុ២៨ឆ្នាំជាកូនតុងទីនត្រូវបានមេតុងទីនបោកយកលុយរត់នោះស្នាក់នៅ ផ្ទះជួលក្បែររោងចក្រក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅមានស្រុកកំណើតនៅជំរុំសាយធូ បានប្រាប់ឲ្យដឹងថានាងខំសន្សំប្រាក់កាក់ដោយលេងតុងទីនដើម្បី ប្រមូលបានលុយគ្រាន់ទំនុកបំរុងគ្រួសារ តែពេលនេះបែរជាមកចាញ់បោកមេ អស់ ទើបប្រមូលគ្នាមកប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ឲ្យជួយអន្តរាគមន៍និងស្រាវជ្រាវតាមរកស្ត្រីឆបោកខាងលើចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។
ប្រភពដដែល បន្តទៀតថា មេតុងទីនឈ្មោះផុនសូត្រជាអ្នកធ្វើការងាររោងចក្រជាមួយគ្នា សរុបអ្នកលេងចំនួន២១៩នាក់មានក្បាល១ម៉ឺនរៀល ក្បាល៣ម៉ឺន រៀល និងក្បាល៥០ដុល្លារ លេងចាប់តាំងពីខែឧសភាឆ្នាំ២០១៥ មកម្ល៉េះរហូតមកដល់ពេលនេះជិត១ឆ្នាំទៅហើយ ចេះតែនាំគ្នាបង់លុយឲ្យមេរហូត ដោយមេ ប្រាប់ថាសប្តាហ៍នេះ បានទៅអ្នកនេះ បានទៅអ្នកនោះធាតុពិតពេលបែករឿងកូនតុងទីនទាំងអស់ គ្មានអ្នកណាបានដេញ បានលុយឡើយ។
កន្លងមក ជនរងគ្រោះទាំងនេះ ធ្លាប់មកប្តឹង អាជ្ញាធរម្តងរួចហើយ កាលពីថ្ងៃទី២៦ ខែមីនាតែគ្មានដំណោះស្រាយហើយ រហូតមកដល់រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំនេះ បានប្រមូលគ្នាចំនួន១៣នាក់ មកប្តឹងសាជាថ្មី នៅសាលាសង្កាត់ចោមចៅ រួមជាមួយ កាន់រូបថត ស្ត្រីជាមេតុងទីនឆបោក វេចលុយរត់ មកបង្ហាញទៀតប៉ុន្តែមិនដឹងថា អាជ្ញាធរសង្កាត់ចោមចៅដោះស្រាយយ៉ាងណានៅទេ ៕
ដោយ៖ សុខាសែនជ័យ