ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីតំណាងអយ្យការបានបើកការស៊ើបសួរលើសុំណុំរឿងរបស់មនុស្ស៧នាក់ដែលលេងហ្គេម ប្រមូលផ្តុំល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។
នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ គឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីតុលាការសម្រេចជំនុំជម្រះផ្ទាល់។
គួររំលឹកថា អាជ្ញាធរខណ្ឌចំការមន កាលពីកណ្ដាលយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ក្បែរស្ពានហង្សកោះពេជ្រ ដោយឃាត់មនុស្សប្រុសស្រីចំនួន ៧នាក់។
មនុស្សប្រុសស្រី ៧នាក់នោះ ជាអ្នកមើលការខុសត្រូវទីតាំងល្បែងហ្គេមខុសច្បាប់ និងអ្នកលេងហ្គេមខុសច្បាប់ នៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺម៉ៅ ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់លួចលាក់បើកលេងហ្គេមខុសច្បាប់ មិនគោរពតាមវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅវិធានការ ៣កុំ (កុំចូលកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា) និង ៣ការពារ (ពាក់ម៉ាស, រក្សាគម្លាត និងលាងដៃជាមួយអាល់កុល) ប៉ុន្តែក្រុមភ្នាក់ងារល្បែងស៊ីសងខាងលើ បានលបលួចបើកដំណើរការល្បែងស៊ីសង ដែលមានមនុស្សចូលទៅលេងរាប់សិបនាក់មិនគោរពការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខដឹកនាំកម្ពុជានោះទេ ទើបត្រូវអាជ្ញាធរចុះបង្ក្រាប និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ដោយ៖ រ៉ារ៉ា