FIFA នឹងពិគ្រោះជាមួយថ្នាក់ដឹកនាំបាល់ទាត់ដើម្បីជំរុញឱ្យមានការប្រកួតបាល់ទាត់ពិភពលោករាល់២ឆ្នាំម្តង

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានអញ្ជើញសហព័ន្ធកីឡាបាល់ទាត់ចូលរួមកិច្ចប្រជុំកំពូលតាមអុីនធើណេតនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខដើម្បីពិភាក្សាអំពីប្រតិទិនអន្តរជាតិក្នុងការជំរុញឱ្យមានការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តងជំនួសឱ្យ៤ឆ្នាំម្តង។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកចង់ចាប់ផ្តើម “ដំណាក់កាលពិគ្រោះយោបល់ថ្មី” សម្រាប់ប្រតិទិនប្រកួតផ្នែកស្ត្រី និងបុរសដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។

FIFA បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទទី២០ ខែកញ្ញាថា “មានការយល់ស្របយ៉ាងទូលំទូលាយនៅក្នុងការប្រកួតថា ប្រតិទិនការប្រកួតអន្តរជាតិគួរតែត្រូវបានកែទម្រង់និងធ្វើឱ្យប្រសើរឡើង។ បន្ទាប់ពីការអញ្ជើញដល់ភាគីពាក់ព័ន្ធរួមទាំងសហព័ន្ធទាំងអស់នៅដើមខែកញ្ញាកិច្ចពិភាក្សាកំពុងត្រូវបានរៀបចំឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

FIFA ក៏បានអញ្ជើញសមាគមសមាជិករបស់ខ្លួនចូលរួមកិច្ចប្រជុំកំពូលតាមអុីនធើណេតលើកដំបូងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ នេះគឺជាឱកាសមួយក្នុងចំណោមឱកាសជាច្រើនដើម្បីបង្កើតការជជែកពិភាក្សាគ្នាក្នុងន័យស្ថាបនា និងបើកចំហនៅកម្រិតពិភពលោក និងតំបន់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

សំណើដ៏ចម្រូងចម្រាសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកធ្វើឡើងរាល់២ឆ្នាំម្តងត្រូវបានធ្វើឡើងវិញកាលពីខែមីនា ដោយលោក ArseneWenger អតីតអ្នកចាត់ការទូទៅរបស់ Arsenal ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោកនៅ FIFA ។

គំនិតនេះនឹងមានការប្រកួតជាអន្តរជាតិជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដោយជំនួសការប្រកួតបាល់ទាត់ពិភពលោក និងការប្រកួតទ្វីបដូចជាការប្រកួតជើងឯកអឺរ៉ុប និងកូប៉ាអាមេរិកជាដើម។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបលោក Aleksander Ceferin បានជំទាស់យ៉ាងខ្លាំងចំពោះសំណើនេះ ហើយបានគំរាមកំហែងថា ប្រទេសនៅអឺរ៉ុបនឹងធ្វើពហិការមិនចូលរួមការប្រកួតបាល់ទាត់ពិភពលោកដែលធ្វើឡើងរាល់២ឆ្នាំម្តង។ ចំណែកសហព័ន្ធអាមេរិកខាងត្បូង CONMEBOL បាននិយាយថា គម្រោងនេះមិនមានយុត្តិធម៌ចំពោះកីឡាទេ។

ប្រធាន FIFA លោក Gianni Infantino បានសន្យាថា ការសម្រេចចិត្តរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តងនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កាលពីសប្តាហ៍មុន FIFA បានបោះពុម្ពផ្សាយការស្ទង់មតិតាមអុីនធើណេតដែលអះអាងថា អ្នកគាំទ្របាល់ទាត់ភាគច្រើនគាំទ្រគំនិតនៃការប្រកួតបាល់ទាត់ពិភពលោក។ លទ្ធផលនៃការស្ទង់មតិនេះមានភាពផ្ទុយស្រឡះពីការប្រឆាំងរបស់ក្រុមអ្នកគាំទ្រជាតិជាច្រើននៅទូទាំងពិភពលោក។

សមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFPro បានថ្កោលទោស“អវត្តមាននៃការសន្ទនាពិតប្រាកដ” លើប្រធានបទនេះដោយចង្អុលបង្ហាញពីដែនកំណត់របស់កីឡាករបាល់ទាត់។ លោក Jonas Baer-Hoffmann អគ្គលេខាធិការ FIFPro បាននិយាយថា “បើគ្មានការព្រមព្រៀងពីកីឡាករដែលនាំឱ្យមានការប្រកួតប្រជែងទាំងអស់នៅលើទីលានទេនោះ ការកែទម្រង់បែបនេះនឹងមិនមានភាពស្របច្បាប់ដែលជាការទាមទារឡើយ” ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ AFP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print