ភ្នំពេញ៖ ដើម្បីបពង្រឹងនូវវិន័យ សេចក្តីថ្លៃថ្នូរ នៅពេលជួបជាមួយថ្នាក់ដឹកនាំកំពូលក្នុងឱកាសពិធីជប់លៀង នាល្ងាចថ្ងៃទី៤ខែមេសាឆ្នាំ២០១៦ខាងមុខ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០១៦នៅពហុកីឡដ្ឋានជាតិ បានផ្តាំផ្ញើរដល់អត្តពលិកកម្ពុជាទាំងអស់ត្រូវតែមានរបៀបរៀបរយត្រឹវចេះគោរពឱនលំទោនដោយការគូសមនៅពេលបានជួបថ្នាក់ដឹកនាំរបស់យើង។
ពិធីជប់លៀងដែលគ្រោងឲ្យអត្តពលិកនិងមន្ត្រីរាជការពាក់ព័ន្ធចូលរួមប្រមាណ៤០០០នាក់ដើម្បីពិសារអាហារជាមួយនឹងវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នឹងអញ្ជើញជាអធិបតិរៀបចំនៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនាថ្ងៃទី ៤ ខែ មេសា។ ក្នុងនោះ NOCC បានត្រៀមរថយន្តក្រុងចំនួន៤០គ្រឿង និងអគាររោងការចំនួន៦អាគាររួមចូលគ្នាតែមួយដើម្បីទទួលអត្តពលិកនិងប្រតិភូកីឡាប្រមាណ៣៤០០នាក់។
លោក ថោង ខុន មានប្រសាសន៍ថា នេះគឺលើកទី១សម្រាប់មហាគ្រួសារកីឡាជាតិ ដែលបានការអនុញ្ញាតិពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបានទទួលទានអាហារសាមគ្គីរួមគ្នាជាមួយមន្ដ្រីជំនាញកីឡានិងកីឡាករ-កីឡាការិនីទូទាំងប្រទេសនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ទាំងនេះបានបង្ហាញកាន់តែច្បាស់នូវការគាំទ្រយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំហើយនិងភាពកក់ក្តៅដល់បងប្អូនកីឡាករទាំងអស់ គោលបំណងសំដៅឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕
ដោយ៖ សារីម