ខេត្តមណ្ឌលគិរី: បើយោងតាមប្រភពពី ៖ សហគមន៍ជនជាតិភូមិអណ្តូងក្រឡឹង បានបញ្ជាក់អោយដឹងថា ,ប្រជាសហគមន៍រស់នៅស្រុកអូររាំងឱ្យដឹងថា ក្រុមល្បាតសហគមន៍ភូមិអណ្ដូងក្រឡឹង ចុះល្បាតក៏ប្រទះឃើញគ្រឿងចក្រមួយគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងសកម្មនិងវាយកំទេចព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២២កញ្ញា២០២១។
ជុំវិញបញ្ហានេះ គួរណាស់តែខាងជំនាញ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះបង្ក្រាបឬធ្វើការស៊ើបអង្កេតស្រាវជ្រាវ ថាតើជាដីមានកម្មសិទ្ធិ ឬជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា? ពិសេសការទន្ទ្រានយកដីបែបនេះភាគច្រើន មានអ្នកមានអំណាចនៅពីក្រោយ។
ប្រជាសហគមន៍ភូមិអណ្ដូងក្រឡឹងស្នើសុំទៅយ៉ាងទទូចនាយកដែនជម្រកសត្វព្រៃកែវសីមា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងនិងដឹករបស់ ឯកឧត្តម ស្វាយ សំអ៊ាង មេត្តាជួយចុះអន្តរាគមន៍និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃនេះផង បើមិនចុះអន្តរាគមន៍ទាន់ពេលវេលានោះទេព្រៃឈើនៅភូមិអណ្ដូងក្រឡឹងត្រូវរលាយអស់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា, ក្នុងមួយថ្ងៃៗ តែងមានរថយន្តសាំយ៉ុង លួចបង្កប់ដាក់ឈើ ដឹកជញ្ជូនចេញពីខេត្តមណ្ឌលគិរី ចេញពីស្រុកកែវសីមា ឈ្មោះមកកាន់ខេត្តត្បូងឃ្មុំ ប៉ុន្តែការបង្ក្រាបនៅមានកម្រិតនៅឡើយ៕